ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តិទៅនៅមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ស្រុកពញឮ ខេត្តកណ្ដាល

11

កណ្ដាល៖នៅព្រឹកថ្ងៃទី១២កុម្ភៈ២០២៥នេះ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានកិត្តិយសដ៏ខ្ពង់ខ្ពស់ជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានព្រះវត្តមានយាងរបស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយកទាំងពីរគណៈ បានចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តិទៅនៅមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ស្រុកពញឮ ខេត្តកណ្ដាល។
ពិធីបុណ្យមាឃបូជាប្រារព្ធឡើងដើម្បី រម្លឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធ​ទ្រង់ធ្វើចតុរង្គសន្និបាត រម្លឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ និង រម្លឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។
ពុទ្ធសាសនិកជនជាច្រើនបានមកប្រជុំគ្នា មិនថានៅទីនេះ ឬនៅទីអារាមនានាទូទាំងប្រទេស រៀបចំនូវគ្រឿងសក្ការបូជា មានទៀនធូប និងផ្កាជាដើម ។ ឯកឧត្ដមហ៊ុន ម៉ានី៖ខ្ញុំព្រះអង្គទាំងឡាយ សូមថ្វាយនូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ រតនត្រ័យទាំងបី ដោយសេចក្តីគោរព។
បពិត្រព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជារហបុគ្គល របស់ទេវតា និងមនុស្សក្នុងលោក ឥតមានបុគ្គលណាមួយ ស្មើព្រះអង្គឡើយ ទោះបីព្រះអង្គទ្រង់ចូលកាន់បរិនិព្វានបាត់ព្រះរូបព្រះកាយ អស់កាលជាយូរអង្វែង ទៅហើយក៏ពិតមែន ប៉ុន្តែទ្រង់ បានប្រតិស្ឋានព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ទាំងព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះមរមសារីរិកធាតុ និងព្រះពុទ្ធរូបស្នងព្រះអង្គ ក៏នៅមានប្រាកដដែល។
ក្នុងពិធីនោះដែរឯកឧត្ដមហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសូមព្រះដ៏មានបុណ្យ ជាបរមសាស្តា ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគ្រឿងសក្ការបូជា របស់យើងខ្ញុំព្រះអង្គទាំងឡាយ ដែលបានរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ឃ ឱ្យខ្ញុំព្រះអង្គទាំងឡាយ បានប្រកបដោយឥដ្ឋមនុញ្ញផល សុភមង្គលវិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូលាយ អស់កាលជាអង្វែងតរៀងទៅ៕រូបភាពនិងខ្លឹមសារដកចេញពីផេកឯកឧត្ដមហ៊ុន ម៉ានី។

អត្ថបទដែលជាប់ទាក់ទង