លោក ត្រាំ ថាលោក ពូទីន និងលោក ហ្សេលេនស្គី ចង់បានសន្តិភាព ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញ ពីគោលបំណងចង់បានសន្តិភាពនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរូបលោក កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ហើយលោក ត្រាំ បានបញ្ជាឱ្យមន្ត្រីកំពូលៗរបស់អាមេរិក ចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចសន្ទនាខាងលើកើតមានឡើង ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងថាទីក្រុងកៀវនឹងត្រូវបោះបង់ចោលគោលដៅចង់ក្លាយជាសមាជិក NATO និងការ ប៉ុនប៉ងដណ្ដើមទឹកដីរបស់ខ្លួនទាំងអស់ដែលរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ ដែលនេះជាសញ្ញាមួយនៃការផ្លាស់ប្ដូរនៅក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសង្រ្គាមអ៊ុយក្រែន។
នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន អស់ពេលច្រើនជាងមួយម៉ោង លោក ត្រាំ បានឱ្យដឹងថាមេដឹកនាំរុស្ស៉ីដែលបានចាប់ផ្ដើមសង្រ្គាមឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ចង់ ឱ្យសង្រ្គាមបិទបញ្ចប់ ហើយថាអ្នកទាំង២បានពិភាក្សាគ្នាពីលទ្ធភាពសម្រេចឱ្យនូវបទឈប់បាញ់មួយក្នុងពេលដ៏ខ្លីខាងមុខ។ «គាត់ (លោក ពូទីន) ចង់ឱ្យសង្រ្គាមបិទបញ្ចប់។ គាត់មិនចង់ឱ្យ សង្រ្គាមបិទបញ្ចប់ ហើយ៦ខែក្រោយមក ផ្ទុះឡើងវិញនោះទេ»។ នេះជាការបញ្ជាក់របសលោក ត្រាំ ដោយបន្ថែមថា «ខ្ញុំគិតថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសន្តិភាព។ ខ្ញុំគិតថា លោក ប្រធានាធិបតី ពូទីន លោកប្រធានាធិបតី ហ្សេលេនស្គី ចង់បានសន្តិភាព ហើយខ្ញុំចង់បានសន្តិភាព។ ខ្ញុំគ្រាន់តែមិនចង់ឃើញមនុស្សស្លាប់តទៅទៀតតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា វិមានក្រឹមឡាំង ក៏បានឱ្យដឹងផងដែរថាលោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងថានឹងជួបគ្នា ហើយលោក ពូទីនថែមទាំងបានអញ្ជើញលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូទៀតផង។ ចំណែក ខាងអ៊ុយក្រែនវិញបាននិយាយថា លោក ត្រាំ និងលោក ហ្សេលេនស្គី បានពិភាក្សាតាមទូរស័ព្ទ ក្រោយកិច្ចសន្ទនារបស់លោក ត្រាំ ជាមួយលោក ពូទីន៕