លោក ហ្សេលេនស្គី ចង់បានផែនការបញ្ឈប់រុស្ស៉ីជាមុនសិន មុនចាប់ផ្ដើមកិច្ចចរចាសន្តិភាព
ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិក គួរតែយល់ព្រមលើផែនការរួមមួយដើម្បីបញ្ឈប់សង្រ្គាមរបស់រុស្ស៉ីជាមុនសិន មុននឹងចាប់ផ្ដើមកិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធកន្លងទៅនេះ លោក ដូណាល់ ត្រាំ បាននិយាយថារូបលោករំពឹងថាអាចនឹងជួបជាមួយលោក ពូទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយបង្កឱ្យទីក្រុងកៀវព្រួយបារម្ភថាខ្លួនអាចនឹងត្រូវបានផាត់ចេញពីកិច្ចចរចា។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្តទេ ដែលលោក ត្រាំ ហៅទូរស័ព្ទទៅកាន់លោក ពូទីនជាមុន ទើបហៅទូរស័ព្ទមកលោកតាមក្រោយ។
លោក ហ្សេលេនស្គី ដែលគ្រោងនឹងជួបអនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងទីក្រុង Munich នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថារូបលោកចង់ឱ្យបានការឯកភាពគ្នាលើផែនការមួយដើម្បីបញ្ឈប់ លោក ពូទីន ជាមួយសហរដ្ឋអាមេរិក នៅមុនចូលរួមក្នុងកិច្ចចរចាសន្តិភាព។ «យើងគឺជាប្រទេសអធិបតេយ្យមួយ។ ដូច្នេះយើងនឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានពួកយើងនោះទេ»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាអ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាណាមួយដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែបាន អះអាងថាកិច្ចចរចាដាច់ដោយឡែករវាងសហរដ្ឋអាមេរិក និងរុស្ស៉ី កំពុងមានភាពរីកចម្រើនទៅមុខ៕