ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ សន្យាថាអ៊ុយក្រែននឹងមានកៅអីអង្គុយ នៅឯតុចរចាសន្តិភាពជាមួយរុស្ស៉ី

34


ក្រុងកៀវ៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បាននិយាយថាអ៊ុយក្រែននឹងមានវត្តមានចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី បើទោះជាទីក្រុងកៀវ យល់ថាវាដូចជាលឿនពេកសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងមូស្គូ នៅឯសន្និសីទសន្តិសុខមួយនៅថ្ងៃសុក្រសប្ដាហ៍នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានសន្យាថាអ៊ុយក្រែននឹងមានកៅអីអង្គុយមួយនៅឯតុចរចា អំឡុងកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៉ីដើម្បីបិទបញ្ចប់សង្រ្គាម។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ពួកគេគឺជាផ្នែកមួយនៃកិច្ចចរចា។ ដូច្នេះយើងនឹងមានវត្តមានអ៊ុយក្រែន និងរុស្ស៉ី ហើយយើងក៏នឹងមានអ្នកផ្សេងទៀតចូលរួមដែរ ពោលគឺមនុស្សច្រើន ណាស់»។
នៅពេលត្រូវបានសាកសួរថាតើរូបលោកជឿជាក់លើលោក ពូទីន ដែរទេ? លោក ត្រាំ បានឆ្លើយថា «ខ្ញុំជឿថាគាត់ (លោក ពូទីន) ចង់ឃើញអ្វីមួយកើតឡើង។ ខ្ញុំជឿលើគាត់ចំពោះរឿងនេះ»។
គួរបញ្ជាក់ថា បើតាមលោក ត្រាំ ក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី គ្រោងនឹងជួបគ្នាក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយអ៊ុយក្រែនក៏ត្រូវបានអញ្ជើញឱ្យចូលរួមដែរ។ ក៏ប៉ុន្តែ ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថាទីក្រុងកៀវនឹងមិនរំពឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយភាគីរុស្ស៉ី នៅឯសន្នីសីទសន្តិសុខប្រចាំឆ្នាំទីក្រុង Munich នោះឡើយ ហើយជឿថាសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន ត្រូវការគោលជំហររួមមួយ មុនកិច្ចចរចាជាមួយមូស្គូ៕

អត្ថបទដែលជាប់ទាក់ទង