ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនជាតិចិនបានម្នាក់ករណីបាញ់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ, កម្លាំងសមត្ថកិច្ច ដកហូតបានរថយន្ដជិះធ្វើសកម្មភាព

32

ភ្នំពេញ៖មកដល់ពេលនេះខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីបាញ់ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានម៉ោង ក្រោយកើតហេតុនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន ភូមិថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅពេលព្រឹកជនជាតិចិន២ក្រុមនោះ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងទីតាំងខាងលើ ហើយក៏មានទំនាស់គ្នាចំនួន៣លើក។ ក្នុងនោះទំនាស់លើកទី១ និងលើកទី២ បានដេញវាយកាប់ចាក់គ្នាម្ដងហើយម្ដងទៀត ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ហើយក៏ស្ងប់ស្ងាត់ទៅវិញ តែពួកគេមិនបានឈប់ផឹកស៊ីនោះទេ គឺនៅបន្តផឹកស៊ីបន្តទៀត។
រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល បានកើតមានរឿងទំនាស់គ្នាជាលើកទី៣បន្តទៀត ស្រាប់តែពេលនេះលែងប្រើកាំបិតដេញកាប់ចាក់គ្នាដូចមុនទៀតហើយ គេបានឃើញភាគីម្ខាងមានគ្នា៣នាក់រត់សំដៅទៅបើកទ្វាររថយន្តទាញយកអាវុធវែង២ដើម និងអាវុធខ្លី១ដើម រត់ទៅបាញ់សម្លាប់គូទំនាស់ ប៉ុន្តែទំនងគូទំនាស់ដឹងខ្លួនមុន បាននាំគ្នារត់គេចចេញបាត់អស់។ ពេលនោះជនសង្ស័យទាំង៣នាក់ទៅរកអត់ឃើញ ក៏បានបាញ់ឡើងលើ១គ្រាប់ជាការបញ្ចេញកំហឹង រួចទើបរើសសំបកកាទូស្សដាក់ក្នុងរថយន្ត និងជិះគេចខ្លួនបាត់អស់តែម្ដង។
ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង