ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖បន្ថែម១៨លានដុល្លារ នៅឆ្នាំ២០២៥សម្រាប់ទិញថ្នាំព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែមជូនដល់ប្រជាពលរដ្ឋថែទាំសុខភាព និងសុខមាលភាព

13

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។
សម្តេចបវរធិបតី បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន៖
១៖ បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។
២៖ បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា។
៣៖ បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា ក្រៅពីសមិទ្ធផលដែលសម្តេចបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង