ចិន អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព
Reuters៖ប្រទេសចិនជឿជាក់ថាភាគីពាក់ព័ន្ធទាំងអស់នៅក្នុងជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន គួរតែចូលរួមក្នុងកិច្ចចរចាសន្តិភាព ជាមួយការសង្កត់ធ្ងន់ពីតួនាទីយ៉ាងសំខាន់របស់អឺរ៉ុបក្នុងកិច្ចចរចា ក្រោយ សហរដ្ឋអាមេរិកបានបញ្ជូនសារជាច្រើនពីរបៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាឱកាសចូលរួមសន្និសីទសន្តិសុខ ក្នុងទីក្រុង Munich កាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ លោក វ៉ាង យី បាននិយាយថាចិនសង្ឃឹមថាគ្រប់ភាគី និងភាគីពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះអ៊ុយក្រែន នឹងមាន វត្តមាននៅឯកិច្ចចរចាសន្តិភាព។ «ចិនមានការយល់ឃើញលើកិច្ចប្រឹងប្រែងទាំងឡាយដើម្បីសន្តិភាពដោយភាពវិជ្ជមាន ក្នុងនោះរួមមានទាំងកុងសង់ស៊ីសដែលសម្រេចបានដោយសហរដ្ឋអាមេរិក និងរុស្ស៉ី លើកិច្ចចរចាសន្តិភាព»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខការទូតចិន។
តាមលោក វ៉ាង យី ដោយសារតែសង្រ្គាមអ៊ុយក្រែនកើតឡើងនៅលើទឹកដីអឺរ៉ុប ដូច្នេះវាចាំបាច់ត្រូវតែមានការចូលរួមពីអឺរ៉ុបនៅឯតុចរចាស្វែងរកសន្តិភាព ដើម្បីដោះស្រាយឫសគល់នៃវិបត្តិ ស្វែងរក តុល្យភាព ក្របខណ្ឌសន្តិសុខប្រកបដោយប្រសិទ្ធិភាព និងចីរភាព ព្រមទាំងដើម្បីសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង និងស្ថិរភាពនៅអឺរ៉ុប។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន រួមទាំងជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធសប្ដាហ៍នេះ និងបានបញ្ជាឱ្យក្រុមមន្ត្រីអាមេរិកចាប់ផ្ដើមកិច្ចរចាភ្លាមៗតែម្ដង ស្របពេលមានការរំពឹងថាលោក ត្រាំ អាចនឹងជួបលោក ពូទីន នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងពេលឆាប់ៗ៕