មិនមែនភ្លើងឆេះព្រៃនៅកម្ពុជាទេគឺឆេះសំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ!មិនដូចការផ្សព្វផ្សាយនៅលើ FIRMS នោះឡើយ
ភ្នំពេញ៖ស្ថានភាពភ្លើងឆេះព្រៃនៅកម្ពុជា មិនដូចការផ្សព្វផ្សាយនៅ FIRMS (Fire Information for Resource Managemet System) នោះឡើយ។
គេហទំព័រ FIRMS បានបង្ហាញចំណុចដៅពណ៌ក្រហមយ៉ាងដេរដាស ពេញ ផែនទីប្រទេសកម្ពុជា។ បើមើលតាមរយៈចំណុចដៅពណ៌ក្រហមនេះ គឺស្មើនឹងព្រៃឈើរបស់កម្ពុជា គឺឆេះស្ទើរតែគ្រប់ទីកន្លែង។
ទិន្នន័យដែលបង្ហាញលើគេហទំព័រ FIRMS បានធ្វើឱ្យផ្ទុះការចាប់ អា រម្មណ៍ និងចែករំលែកច្រើន បន្ទាប់ពីលោក ខេស៊ី បាណេត នាយកគ្រប់ គ្រង CamEd ចែករំលែកលើទំព័រហ្វេសប៊ុករបស់លោក។
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា យោងតាមទិន្នន័យ របស់មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC)ករណីសង្ស័យពីទីតាំងមានភ្លើងឆេះ (Hotspot) ក្នុង ប្រទេស កម្ពុជា នៅ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានថយចុះមកត្រឹម១០១ចំណុច។
តាមរយៈព័ត៌មាននេះ ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស មន្ទីរ បរិស្ថាន បានចុះពិនិត្យ ផ្ទៀងផ្ទាត់ ពន្លត់ និងទប់ស្កាត់ជាប្រចាំ។ ចំពោះករណីភ្លើងឆេះដែលបាននិងកំពុងកើតមានឡើង គឺមិនមែនជាការ ឆេះ ព្រៃ ធ្ងន់ធ្ងរនោះទេ ប៉ុន្តែជាការឆេះសំរាម ស្បូវ ស្មៅ និងជញ្ជាំងស្រូវ តែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានអំពាវនាវ ដល់ សាធារណៈជនឱ្យមានការប្រុងប្រយ័ត្ន ដោយចូលរួមការពារកុំឱ្យ មាន ករណីភ្លើងឆេះកើតឡើងតាមរយៈការមិនដុតសំរាម ស្បូវ ស្មៅ និងជញ្ជ្រាំង ស្រូវ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន និងជីវៈចម្រុះ៕