ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ថាក់ស៉ីន ៖តុលាការព្រហ្មទណ្ឌថៃមិនអាចឱ្យមកកាន់ប្រទេសកម្ពុជា និងវៀតណាមទេតែបានអនុញ្ញាតឱ្យធ្វើដំណើរទៅប្រទេសព្រុយណេ

63

ក្រុងបាងកក៖កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ធ្វើដំណើរទៅកាន់ប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំមួយ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែបានបដិសេធសំណើរបស់ លោក ដែលក្នុងឱកាសជាមួយគ្នានោះ ចង់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងកម្ពុជាផងដែរ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand។
ការធ្វើដំណើររបស់លោក ថាក់ស៉ីន ទៅកាន់ព្រុយណេ ត្រូវរាយការណ៍ថា ពាក់ព័ន្ធទៅនឹងការធ្វើជាប្រធានរបស់ម៉ាឡេស៉ី នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំនេះ។ វាគឺជាជំនួបបន្តពី ទស្សនកិច្ចរបស់លោក ទៅកាន់ម៉ាឡេស៉ី កាលពីថ្ងៃទី២-៣ ខែកុម្ភៈ ក្រោមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលបានតែងតាំងរូបលោក ជាទីប្រឹក្សាក្រៅផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០២៤។ យ៉ាងណាមិញ តុលាការបានបដិសេធសំណើរបស់លោក ដែលចង់ធ្វើដំណើរទៅវៀតណាម និងកម្ពុជា អំឡុងឱកាសចេញក្រៅប្រទេសនោះ។ តុលាការបានលើកហេតុផលថា ដោយសារគម្រោងធ្វើដំណើរបស់លោក ថាក់ស៉ីន ទៅកាន់វៀតណាមនិងកម្ពុជា មិនមែនតបតាម ការអញ្ជើញផ្លូវការ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា លោក ថាក់ស៉ីន កំពុងរងបទចោទប្រកាន់ព្រហ្មទណ្ឌ ពីការបំពានច្បាប់ការពារព្រះចេស្តាព្រះមហាក្សត្រថៃ ពាក់ព័ន្ធនឹង កិច្ចសម្ភាសមួយរបស់លោក ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង តាំងតែពីឆ្នាំ២០១៥។ តុលាការព្រហ្មទណ្ឌថៃ បានរឹបអូស លិខិតឆ្លងដែនរបស់លោក ថាក់ស៉ីន និងបានកំណត់ឱ្យរូបលោក ត្រូវស្នើសុំការអនុញ្ញាតជាមុន រាល់ពេលដែលលោកត្រូវធ្វើដំណើរ ចេញក្រៅប្រទេស ហើយពេលត្រឡប់ចូលប្រទេសវិញ ត្រូវរាយការណ៍ដល់តុលាការ និងអាជ្ញាធរអន្តោប្រវេសន៍ ក្នុងចន្លោះពេល ៣ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង