ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អឺរ៉ុបនឹងមិនមានកៅអី នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ

60

អាល្លឺម៉ង់៖បេសកជនទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បាននិយាយថា អឺរ៉ុបនឹងមិនមានកៅអីអង្គុយ នៅតុចរចាសន្តិភាពអ៊ុយក្រែនឡើយ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបញ្ជូនកម្រងសំណួរទៅកាន់ បណ្តា ប្រទេសអឺរ៉ុប ដើម្បីសាកសួរថា តើពួកគេអាចចូលរួមចំណែកអ្វីខ្លះ ក្នុងការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះសម្ព័ន្ធមិត្តនៅអឺរ៉ុប តាមរយៈការនិយាយទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោយមិនបានប្រឹក្សាយោបល់ជាមួយពួកគេ ឬជាមួយទីក្រុងកៀវជាមុន ហើយប្រកាសនូវ ការចាប់ផ្តើមភ្លាមៗ នៃដំណើរការពិភាក្សាស្វែងរកសន្តិភាព សម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន។ ទង្វើរបស់អាមេរិក បានធ្វើឱ្យមានការភ័យព្រួយថា អឺរ៉ុបប្រហែលជានឹងមិនត្រូវឱ្យចូលរួមពាក់ព័ន្ធ ក្នុងកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលនឹងប៉ះពាល់ដល់សន្តិសុខរបស់ពួកគេផ្ទាល់ ជាពិសេសប្រសិនបើវាត្រូវបានមើលឃើញថា ហាក់ផ្តល់ផលចំណេញខ្លាំង ដល់ខាងរុស្ស៉ី។
បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Keith Kellogg បាននិយាយក្នុងសន្និសីទសន្តិសុខអន្តរជាតិ នៅទីក្រុង Munich ថា សហរដ្ឋអាមេរិកនឹងដើរតួនាទី ជាអន្តរការីក្នុងកិច្ចចរចា ដោយមានអ៊ុយក្រែននិងរុស្ស៉ី គឺជាភាគីជម្លោះ។ នៅពេល ត្រូវបានសាកសួរ អំពីលទ្ធភាពនៃវត្តមានរបស់អឺរ៉ុបនៅតុចរចា លោក Kellogg បានឆ្លើយតបថា វានឹងមិនអាចកើតឡើងឡើយ។ ប៉ុន្តែក្រោយមក លោក Kellogg បានព្យាយាមបន្សាបក្តីបារម្ភ ក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបវិញ ដោយបញ្ជាក់ថា វាមិនមែនមានន័យថា ផលប្រយោជន៍របស់ពួកគេ នឹងមិនត្រូវបានគិតគូរ ប្រើប្រាស់ ឬអភិវឌ្ឍ នោះឡើយ។ ទោះជាបែបនេះក្តី ក្រុមមេដឹកនាំអឺរ៉ុប បានចេញមុខនិយាយថា ពួកគេនឹងមិនទទួលយកឡើយ ចំពោះការមិនត្រូវបានឱ្យចូលរួមក្នុងកិច្ចចរចា៕

អត្ថបទដែលជាប់ទាក់ទង