ផ្ទះចំនួន១០០ខ្នង ជាអំណោយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីត្រូវទេសរដ្ឋមន្រ្តី គន់ គីម ប្រគល់ជូនអតីតអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ
កំពង់ធំ៖នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះចំនួន១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកសាងដោយក្រុមហ៊ុន ជីប ម៉ុង ដើម្បីចែកជូនអតីតយុទ្ធជន ស្ថិតក្នុងភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនេះមានការចូលរួមពីលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ, អភិបាលស្រុក, អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងអង្គភាពជុំវិញខេត្ត។
នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគម អតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែង យល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
នាឱកាសនោះទេសរដ្ឋមន្ត្រី ដោយមើលឃើញពីការលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់អំណោយជាផ្ទះចំនួន១០០ខ្នងបន្ថែមជូនអតីតយុទ្ធជនខេត្តកំពង់ធំ។ ក្នុងនោះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្តអំពាវនាវដល់សប្បុរជនចូលរួមក្នុងការសាងសង់ផ្ទះដល់អតីតយុទ្ធជនផ្សេងទៀតដែលកំពុងមានតម្រូវការ។
ទេសរដ្ឋមន្រ្តី រម្លឹកថា គិតមកដល់ថ្ងៃនេះមានរយៈពេលជាង១ឆ្នាំហើយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសមាគមអតីតយុទ្ធជនកម្ពុជា បានបន្តគោលការណ៍ និងប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួនចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ព្រមទាំងពិនិត្យ និងវាយតម្លៃដល់អតីតយុទ្ធជនដែលជួបការលំបាកឱ្យទទួលបានអាទិភាពមុនគេ ក្នុងការទទួលអំណោយផ្ទះ និងដីរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចុះជួបសួរសុខទុក្ខ ជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនគ្រប់បណ្តារាជធានី-ខេត្ត។
ទេសរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់អតីតយុទ្ធជនត្រូវខិតខំថែទាំផ្ទះ និងដីឱ្យបានល្អ ដើម្បីរក្សាបាននូវការរស់នៅល្អ និងជីវភាពប្រសើរជាងមុនតាមរយៈការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីទទួលបានចំណូលក្នុងប្រចាំថ្ងៃ។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងថា ប្រកាន់ខ្ជាប់នូវទស្សនវិស័យស្នេហាជាតិមាតុភូមិ ស្របតាមស្មារតី ខ្មែរជួយខ្មែរ ក្នុងនាមក្រុមហ៊ុន ជីប ម៉ុង ពិតជាមានមោទកភាពបំផុត ដែលបានចូលរួមចំណែកក្នុង ការជួយទៅដល់អតីតយុទ្ធជន ដែលជាជនមានគុណបំណាច់ និងបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
លោកអ្នកឧកញ៉ា លាង ឃុន ថ្លែងទៀតថា អតីតយុទ្ធជនដែលជាប្រតិបត្តិកររបស់សម្តេចតេជោ ហ៊ុន សែន បានដឹងស្រាប់ហើយថា កម្ពុជាបានឆ្លងកាត់ការ លំបាកជាច្រើនដោយសារសង្គ្រាម ហើយទើបរយៈពេល២៦ ឆ្នាំចុងក្រោយ ទើបទទួលបានសុខសន្តិភាព និងការឯកភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលមានកម្ពុជាផ្ទាល់ជាអ្នកផ្តួចផ្តើម និងជាអ្នកប្រតិបត្តិដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា៕