ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីវាយជនជាតិចិន ដោយសារខឹងនឹងចិន ស្រែកឡូឡាតាមផ្លូវ
ព្រះសីហនុ៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង ៣០នាទី រំលងអធ្រាត្រ នៅចំណុចក្រោយកាស៊ីណូ យ៉ាឌួលី ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការល្បាតពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលកំពុងជិះម៉ូតូ វាយជនជាតិចិន ដោយសារខឹងនឹងចិន ស្រែកឡូឡាតាមផ្លូវ ។
សមត្ថកិច្ចជំនាញ បានបង្ការទប់ស្កាត់និងបង្ក្រាបរាល់ករណីកើតឡើង ដូចជាថ្មីៗនេះ សមត្ថកិច្ចបាន ទទួលបណ្ដឹង ពីជនរងគ្រោះបន្តបន្ទាប់ ដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញា សៀង សុខ បន្ទាប់ពីមានបញ្ហាប្រើអំពើរហិង្សាទៅលើជនបរទេសពេលយប់ យើងបានទទួលបណ្តឹងពីជនរងគ្រោះ ការិយាល័យជំនាញផែននគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ហើយកំណត់អត្តសញ្ញាណជនសង្ស័យបាន ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ទី១-ឈ្មោះ ម៉ៃ ពិគា ហៅ គា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទី២-ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រានៅ ស៊ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖កាំប៉ិតបុ័ងតោ ២ដើម, កាំប៉ិតច្នៃ ១ដើម,ដែកទីប ១ដើម,ញញួរដែក ១ដើម, ទូរស័ព្ទដៃ ៤គ្រឿង ,ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ូតូម៉ាក ស្មាស់រិវូ ពណ៌ក្រហម គ្មានស្លាកលេខ ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា មូលហេតុដែលក្រុមជនសង្ស័យ វាយជនជាតិចិនព្រោះ ជនសង្ស័យគឺជាក្រុមញៀនថ្នាំ ហើយពួកគេខឹងនឹងជនជាតិចិន នៅពេលដែលពួកគេជិះម៉ូតូតាមផ្លូវ ជនជាតិចិនចូលចិត្តដើររញ៉េរញ៉ៃពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរឲ្យជៀស មិនព្រមជៀស បែរជាស្រែកឮៗ ទើបពួកគេខឹងហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តង ។
បច្ចុប្បន្នជនសង្ស័យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕