ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពមន្ត្រីជាន់ខ្ពស់កម្ពុជា

47

ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សមិទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពី« ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» បានចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការគាំទ្រអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ជាន់ខ្ពស់កម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមហ៊ុន ម៉ានី បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី « ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលា ភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានថ្នាក់ដឹកនាំក្រសួង មុខងារសាធារណៈ និងមានសិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៧ ជាច្រើនរូបទៀត។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមទៀតថា គោលបំណងសំខាន់វគ្គបណ្តុះបណ្តាលនេះ គឺផ្តល់គាំទ្រជាចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងអំពីការផ្លាស់ ប្តូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អ និងផលិតភាពខ្ពស់ ដែលផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់មន្ត្រីរាជការជាន់ខ្ពស់ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ចូលរួមឲ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដូចដែលសិក្ខាកាមជំនាន់មុនៗ បានធ្វើរួចមកហើយ ដោយយកចិត្តទុកដាក់និងបំពេញតាម លក្ខខណ្ឌនានា របស់វគ្គ ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ថ្មីៗ យកទៅដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួន សម្រាប់បម្រើប្រជាពលរដ្ឋ និងអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់ និងបានកំណត់ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» បានរៀបចំឡើងឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ហើយក៏ស្របនឹងអាទិភាព ដែលមានចែង ក្នុងមុំទី១ និង មុំទី២ នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ សំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្ដាញអ្នកដឹកនាំ ព្រមទាំងការលើក កម្ពស់ សមត្ថភាពធន់ធានមនស្សប្រកបដោយភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៍ វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវផងដែរ។
បើតាមឯកឧត្ដមយក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង ៦វគ្គមកហើយ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ។ វគ្គបណ្តុះបណ្តាលនេះ ជាការចូលរួមចំណែកមួយ យ៉ាង សំខាន់ដើម្បីអនុវត្តផែនការ សកម្មភាព ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាល សាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ត្រង់ចំណុចវិធានការគន្លឹះទី២ ដោយផ្តោតលើ ការអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំ។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដូចជា (១) បង្កើនសមត្ថភាពក្នុងការយល់ដឹង (Knowing)៖ បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំនិងបង្កើននូវជំនាញនិងទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការ សកម្មភាពរបស់អង្គភាព (២) បង្កើនសមត្ថភាពក្នុងការបំពេញការងារ (Doing)៖ អនុវត្តនូវទ្រឹស្ដីដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្ដែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេច លទ្ធផលល្អប្រសើរ តាមរបៀបថ្មី ឬតាមរបៀបដែលកាន់តែ ឆាប់រហ័ស និងផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពនិងនវានុវត្តន៍ (២) បង្កើនសមត្ថភាពគាំទ្រគ្នា (Being)៖ ផ្នែកមួយនៃបណ្ដាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួននិងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការ ដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។
សិក្ខាកាមដែលបានចូលរួមនៅថ្នាក់ជាតិមានតំណែងចាប់ពីកម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការឬមុខតំណែងប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត រហូតដល់អភិបាលរាជធានី ខេត្ត។ ជាលទ្ធផលសិក្ខាកាមចំនួន ១,០១៨នាក់ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលដោយជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង