ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនប្រដាប់អាវុធជនជាតិចិន និងបក្ខពួកសរុប៥នាក់ បាញ់បោះនៅអគាររតនៈសម្បត្តិ ត្រូវកម្លាំងនគរបាលបង្ក្រាបបានទាំងអស់

60


ភ្នំពេញ៖ជនប្រដាប់អាវុធជនជាតិចិន និងបក្ខពួកសរុប៥នាក់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នាស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធករណីបាញ់បោះនៅអគាររតនៈសម្បត្តិ ដែលមានទីតាំងស្ថិតនៅអគាររតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការជាបន្ដបន្ទាប់រហូតឈានបង្ក្រាបបានជនដៃដល់ និងបក្ខពួកទាំង៥នាក់នេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាល
ព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជនសង្ស័យជនជាតិចិនទាំង៥នាក់ ដែលកម្លាំងនគរបាលជំនាញរួមសហការគ្នាស្រាវជ្រាវតាមបង្ក្រាបនេះរួមមាន៖
ទី១៖ឈ្មោះ HAN CHONG អាយុ៣៤ឆ្នាំ (ជនដៃដល់កាន់អាវុធ AK47 បាញ់១គ្រាប់) (មិនមានលិខិតឆ្លងដែនតាមខ្លួន)
ទី២៖ ឈ្មោះ LIU YONGJIE អាយុ៣៤ឆ្នាំ (ជនដៃដល់កាន់អាវុធ AK47) (មិនមានលិខិតឆ្លងដែនតាមខ្លួន)
ទី៣៖ ឈ្មោះ ZHU DACHUN អាយុ៣៨ឆ្នាំ (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយភ្ជង់គំរាម)
ទី៤៖ ឈ្មោះ DENG TIAN MING ហៅអឺម៉ អាយុ៣០ឆ្នាំ (ជនដៃដល់យកកាំបិតចាក់លើឈ្មោះ HAN CHONG)
ទី៥៖ ឈ្មោះ LI ZIYUAN អាយុ២៩ឆ្នាំ (មិនមានលិខិតឆ្លងដែនតាមខ្លួន)។
វត្ថុតាងចាប់យក អាវុធវែង ម៉ាក AK47 ចំនួន២ដើម, គ្រាប់កាំភ្លើងប្រភេទ AK មិនទាន់ផ្ទុះ ចំនួន១គ្រាប់, ការ៉ុង ពណ៌ស ចំនួន១, អាវុធខ្លីគ្មានម៉ាក (ក្លែងក្លាយ) ចំនួន១ដើម និងគ្រាប់ចំនួន៣គ្រាប់ (ជ័រ), គ្រាប់អាវុធវែង និងខ្លី សរុបចំនួន៥៩គ្រាប់, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AC-7210 ចំនួន១គ្រឿង, រថយន្តម៉ាក TOYOTA LEXUS RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AH-2304 ចំនួន១គ្រឿង។
បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៥នាក់ខាងលើ រួមជាមួយវត្ថុតាង នឹងត្រូវបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង