ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ីរ៉ង់ ព្រមានអាមេរិក-អ៊ីស្រាអែលថា «មិនអាចធ្វើរឿងអាក្រក់ដាក់យើងបានទេ»

59

តេអេរ៉ង់៖ អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា មិនអាច «ធ្វើរឿងអាក្រក់» ដើម្បីធ្វើឱ្យប៉ះពាល់ដល់ទីក្រុងតេអេរ៉ង់បានទេ ដោយចាត់ទុកការគំរាមកំហែងរបស់ពួកគេថាជា ការបំពានច្បាប់អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានរបស់អ៊ីរ៉ង់នេះ កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការរបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាគ្នា និងបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Netanyahu បានថ្លែងសំដៅលើសកម្មភាពប្រឆាំងអ៊ីរ៉ង់ថា «យើងនឹងបញ្ចប់ការងារនេះ» ដោយបង្ហាញទំនុកចិត្តលើការគាំទ្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
«ប្រទេសដូចជាអ៊ីរ៉ង់ នឹងមិនទទួលរងនូវអំពើអាក្រក់ណាមួយឡើយ» នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei។ ទន្ទឹមនឹងនោះ លោកបានរិះគន់សហរដ្ឋអាមេរិក ចំពោះភាពមិនស៊ីចង្វាក់គ្នា រវាងការគំរាមកំហែង និងការអះអាងពីបំណងចង់ធ្វើកិច្ចសន្ទនា។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបន្តយុទ្ធនាការ «សម្ពាធអតិបរមា» លើអ៊ីរ៉ង់ បើទោះបីជាបានបង្ហាញពីការបើកចំហចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរក៏ដោយ។ សកម្មភាពនេះ នាំឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei រិះគន់អាមេរិកពីបទមិនគោរពការសន្យា៕

អត្ថបទដែលជាប់ទាក់ទង