ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃ កម្ពុជាប្រជាធិបតេយ្យ ត្រូវបាន រដ្ឋសភាអនុម័តទាំងស្រុង

50

ភ្នំពេញ៖សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃ កម្ពុជាប្រជាធិបតេយ្យត្រូវបាន រដ្ឋសភាអនុម័តទាំងស្រុងហើយ។
ការអនុម័តនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោមអធីបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយ សេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អ.វ.ត.ក. ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
ទន្ទឹមនេះ សេចក្តីព្រាងច្បាប់ថ្មីនេះ ក៏បានគូសបញ្ជាក់ឲ្យច្បាស់ អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញដោយ អ.វ.ត.ក. ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រនៅក្នុងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង