ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន២,៥៥១នាក់
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នារី ១,១៦៩នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស។
និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៦៩នាក់ផងដែរ។
សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយ ដែលបានរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមចំណែកកសាងជាតិជាច្រើនឆ្នាំមកហើយ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឱ្យដឹងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកើតចេញពីអង្គការ ក្នុងស្រុកមួយបណ្តុះបណ្តាល ជំនាញវគ្គខ្លី ទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០០២។ អង្គការ អាស៊ី អឺរ៉ុប បានបង្កើតបន្ថែមជាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០០៥។ នៅឆ្នាំ២០១២ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាសាកលវិទ្យាល័យឯកជន ដែលបានបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រចិនមុនគេបង្អស់ ទទួលការគាំទ្រពីក្រសួង អប់រំ យុវជន កីឡា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។
សព្វថ្ងៃនេះ ទាំងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអង្គការអាស៊ី អឺរ៉ុប បាននិងកំពុងបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសកម្ម សរុបបានជាង២២ឆ្នាំ ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និយោជិត និងសាស្រ្តាចារ្យសរុបចំនួន៤៨៥នាក់ ព្រមទាំងសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៨, ៨៨១នាក់។ ក្នុងនោះ ចាប់ពីឆ្នាំសិក្សា២០០៥ ដល់ត្រឹមឆ្នាំសិក្សា ២០២២ សិស្សថ្នាក់វិជ្ជា ជីវៈ និងនិស្សិតគ្រប់កម្រិត បានបញ្ចប់ការសិក្សាសរុបចំនួន ៦៤,៤២៣នាក់ (នារី ២៧ ០៤៥នាក់) រាប់បញ្ចូលទាំងនិស្សិតជ័យលាភីដែលកំពុងមានវត្តមាននៅទីនេះ។
បច្ចុប្បន្នសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច, មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្ត នយោបាយ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, និង មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ក្នុងនោះ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងថ្នាក់បរិញ្ញាបត្រ មានមុខជំនាញចំនួន២៣, ចំណែកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានមុខជំនាញចំនួន១៨ និងថ្នាក់បណ្ឌិត មានមុខជំនាញចំនួន៩។
អ្នកឧកញ៉ា លី ឃុនថៃ ក៏បានឱ្យដឹងផងដែរថា សាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានអនុវត្ត របៀបគ្រប់គ្រង និងផ្តល់សេវាកម្មអប់រំ តាមបែប ឌីជីថល និងបន្តពិនិត្យរៀបចំដាក់បញ្ចូលឱ្យប្រើប្រាស់ជាបន្តបន្ទាប់នូវប្រព័ន្ធឌីជីថលជាច្រើនទៀត ដូចជា A.I, Machine Learning, Cloud Computing, ប្រព័ន្ធគ្រប់គ្រងវត្តមានតាមផ្ទៃមុខ និងប្រព័ន្ធគ្រប់ គ្រងអគារឆ្លាតវៃជាដើម។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតឱ្យមានបន្ទប់អនុវត្តន៍ជាច្រើនប្រភេទ រួមមាន សវនាការនិមិត្ត, បន្ទប់ AI, បន្ទប់អនុវត្តន៍ផ្នែកសណ្ឋាគារ, បន្ទប់អនុវត្តន៍ផ្នែកម្ហូបអាហារ និង ភេសជ្ជៈ និងបន្ទប់អនុវត្តន៍ធនាគារ ដែលផ្ដល់ឱកាសដល់និស្សិតអាចសិក្សា ទ្រឹស្ដី ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែង។
បន្ថែមលើការអភិវឌ្ឍផ្នែកបណ្ដុះបណ្ដាលតាមបែប ឌីជី ថល និងជម្រើសនៃការសិក្សា ដ៏ សម្បូរ បែប សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានពង្រីក ខ្លួនបន្ថែមនូវទីតាំងទី៣ នៅអគារ ឌឹហ្គេតវេយ៍ (The Gateway) បានចាប់កំណើត ឡើង ដោយបើកការដ្ឋាននៅឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចមហាបវរ ធិបតី ហើយបច្ចុប្បន្ន The Gateway ជាអគារធំ មួយ មានចំណតធំទូលាយប្រមាណ ៧០០គ្រឿង បំពាក់ដោយបរិក្ខារទំនើបៗ ដែលបាន ផ្ដល់បរិយាកាសសិក្សាល្អប្រសើរដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រតិបត្តិផ្នែក គ្រប់គ្រងពាណិជ្ជកម្ម EMBA ផងដែរ។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ ស្តែងរបស់សង្គមជាតិ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំផែនការសកម្មភាព សម្រាប់ ការផ្លាស់ប្តូរការអប់រំបែបឌីជីថល ហើយបានលើកអាទិភាពសំខាន់ៗបី៖
អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន និងការសិក្សា។
អាទិភាពទី២៖ អភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថល
អាទិភាពទី៣៖ កែលម្អប្រព័ន្ធអប់រំក្នុងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈការធ្វើឱ្យ ប្រសើរឡើងនូវការតាមដាន ការវាយតម្លៃ ការវិភាគ និងការគ្រប់គ្រងទិន្នន័យ។ល។
អ្នកឧកញ៉ា លី ឃុនថៃ បានឱ្យដឹងទៀតថា ក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានពង្រឹងយន្តការលើការងារ ដឹកនាំការងារគ្រប់គ្រង និងអនុវត្ត ស្របតាមផែនការជាសារវន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស្របពេលជាមួយគ្នានេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានថ្នាល ពាណិជ្ជ កម្មយ៉ាងធំទូលាយសម្រាប់ជួយរកការងារដល់សិស្សនិស្សិត កំពុងសិក្សា និងបាន បញ្ចប់ការសិក្សា ព្រមទាំងបានប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តរបស់ ក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាំងនៅទីតាំងសាកលវិទ្យាល័យផ្ទាល់ ដើម្បីផ្ដល់ភាព ងាយស្រួលឆាប់រហ័សក្នុងការចែករំលែកព័ត៌មានពីឱកាសការងារ និងព័ត៌មានជាច្រើន ផ្សេងទៀត។
សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន សាកលវិទ្យាល័យនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក តាមរយៈការចុះអនុ ស្សារណៈនៃការយោគយល់គ្នា ការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក ការរៀបចំកម្មវិធី បាថក ថា សិក្ខាសាលា វេទិកានានា ជាប្រចាំ ដោយអញ្ជើញវាគ្មិនល្បីៗមកចូលរួមក្នុងគោល បំណង ជួយដល់និស្សិត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសធ្វើកម្ម សិក្សាជាក់ស្តែង ដែលជាទុនដ៏សំខាន់សម្រាប់ការសិក្សា និងការបំពេញការងារ។
ពិសេសជាងនេះទៀត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏បានបង្កើតឱកាស និងលើកទឹក ចិត្ត ដល់ក្មួយៗនិស្សិតបានចូលរួមក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើន តាមរយៈក្លឹបយុវជន ប្រចាំសាកលវិទ្យាល័យ រួមមាន៖ សកម្មភាពសប្បុរសធម៌កាកបាទក្រហម កម្មវិធីសហព័ន្ធ សហភាពយុវជនកម្ពុជា (ហៅកាត់ សសយក) កម្មវិធីអង្គរ សង្ក្រាន្ត វគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាសង្រ្គោះបឋម យុទ្ធនាការបរិច្ចាគឈាម យុទ្ធនាការ រើសសម្រាមសម្អាតបរិស្ថាន យុទ្ធនាការដាំកូនឈើ យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសកម្មភាពនានា ជាច្រើនផ្សេងទៀត។ល៕