ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះកំណើនភ្ញៀវដើរកម្សាន្តនៅផ្លូវ Walk street តាមមាត់ទន្លេ រាល់ថ្ងៃចុងសប្តាហ៍ ដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅកាន់តែស៉ីវិល័យ

50


ភ្នំពេញ៖ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការយល់ឃើញថាកំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street តាមបណ្ដោយមាត់ទន្លេ រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៉ីវិល័យ។
សូមរំឭកថា ផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ ផ្លូវថ្មើរជើងនេះដែរ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីល្ងាច រហូតដល់ម៉ោង១១៖០០នាទីយប់។
មកដល់ពេលនេះ គឺបាន៣សប្ដាហ៍ហើយ ខណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរៀងរាល់សប្ដាហ៍ និងបានអះអាងថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានប្រជាពលរដ្ឋនិងភ្ញៀវទេសចរដើរលេងកម្សាន្តតាមផ្លូវនេះកាន់តែច្រើនឡើងៗ។
ជុំវិញភាពជោគជ័យនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលខិតខំរៀបចំដាក់ឱ្យដំណើរការ ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពភ្ញៀវទេសចរដែលដើរកម្សាន្តនៅតាមផ្លូវថ្មើរជើងនេះ។ សម្ដេចបានបង្ហាញការយល់ឃើញថាកំណើនភ្ញៀវទេសចរដើរកម្សាន្តនៅតាមផ្លូវ Walk street រាល់ថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នោះ គឺជាជោគជ័យមួយ ហើយបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋកាន់តែស៉ីវិល័យ។
សម្ដេចបវរធិបតីបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃដំបូងៗ មិនសូវមានប្រជាពលរដ្ឋដើរលេងច្រើនទេ ប៉ុន្តែនៅសប្ដាហ៍បន្ទាប់ៗមកទៀត គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិដើរលេងកុះករច្រើនឡើងៗ នេះគឺដោយសារការប្រែប្រួលការរស់នៅប្រជាពលរដ្ឋកាន់តែស៉ីវិល័យ»។
សូមជម្រាបដែរថា នៅតាមផ្លូវថ្មើរជើងតាមបណ្ដោយមាត់ទន្លេ (Walk Street) នេះ ក៏មានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៀត ដូចជា ការរៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធារណជន៕

អត្ថបទដែលជាប់ទាក់ទង