លោក ដូណាល់ ត្រាំ បញ្ជាឱ្យបណ្ដេញរដ្ឋអាជ្ញាទាំងអស់សល់ពីសម័យលោក បៃដិន ចេញពីតំណែង
វ៉ាស៊ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈបាននិយាយថាលោកបានបញ្ជាឱ្យក្រសួងយុត្តិធម៌បណ្ដេញរដ្ឋអាជ្ញាទាំងអស់ដែលត្រូវបានតែងតាំង ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អស់រយៈពេលជាង៤ឆ្នាំមកនេះ ក្រសួងយុត្តិធម៌ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ មិនធ្លាប់មានពីមុនមក។ ដូច្នេះ ខ្ញុំបានណែនាំឱ្យបញ្ចប់ការងាររបស់រដ្ឋអាជ្ញាទាំងអស់ដែលសល់ពីសម័យលោក បៃដិន»។ លោក ត្រាំ បន្ថែមថា «យើងត្រូវតែសម្អាតផ្ទះជាបន្ទាន់ និងស្ដារទំនុកចិត្ត ឡើងវិញ ហើយយុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌មួយដ៏មានតម្លាភាព»។
គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក វាជាទម្លាប់ធម្មតាដែលប្រធានាធិបតីថ្មី បញ្ចប់ការងាររដ្ឋអាជ្ញាសហព័ន្ធក្នុងរដ្ឋបាលចាស់ ហើយតែងតាំងរដ្ឋអាជ្ញាសហព័ន្ធថ្មី ឬគេស្គាល់ថា US attorneys។ នៅអាមេរិក មានរដ្ឋអាជ្ញាសហព័ន្ធ ឬ US attorneys ៩៣រូប៕