នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានអញ្ជើញត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។
លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម ស្ថាបនាផ្លូវបានរាយការណ៍បញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវនេះបានចាប់ផ្ដើមដំណើរការស្ថាបនានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាពេលកន្លងទៅ ។ គិតមកដល់ពេលនេះ ការស្ថាបនាផ្លូវ និងការរៀបចំប្រព័ន្ឋលូសម្រាប់រំដោះទឹកក្នុងរដូវវស្សាដែលមានទំហំជាង ១៣០ម៉ែត្រការ៉េ បានប្រមាណ៥០ភាគរយ ហេីយ ដោយនឹងត្រូវបញ្ចប់ការស្ថាបនា នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះកងវិស្វកម្មរបស់លោកសំ លាងទ្រី ដែលកំពុងតែស្ថាបនាផ្លូវ ដោយការយកចិត្តទុកដាក់ខ្ពស់. និងសូមអរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែមកពិនិត្យការស្ថាបនាផ្លូវនេះ ជាបន្តបន្ទាប់នាពេលកន្លងមក។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានណែនាំដល់ក្រុមវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅពេលនេះត្រូវយកចិត្តទុកដាក់ ស្ថាបនាឱ្យមានគុណភាពល្អ តាមលក្ខណៈបច្ចេកទេស ធានាការប្រើប្រាស់បានយូរអង្វែង ស្របតាមសំណូមពររបស់ប្រជាជន ។
នៅក្នុងឱកាសនោះដែតឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគ បរិភោគនិងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងវិស្វកម្មផងដែរ៕