រាជរដ្ឋាភិបាល ឧបត្ថម្ភថវិកាប្រាំម៉ឺនរៀលជូនមន្ត្រីរាជការសម្រាប់ចូលឆ្នាំខ្មែរ និងបើករួមគ្នាជាមួយប្រាក់បៀវត្សប្រចាំខែមេសា និងឧសភា
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ដូចបណ្ដាឆ្នាំកន្លងទៅដែរ គឺឧបត្ថម្ភថវិកាចំនួន៥០,០០០ (ប្រាំម៉ឺន)រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ នឹងធ្វើឡើងដោយបូកបញ្ចូលគ្នា ជាមួយនឹងប្រាក់បៀវត្សប្រចាំខែមេសា និងឧសភាតែម្ដង។
ការបើកប្រាក់បៀវត្សប្រចាំខែមេសានេះនឹងធ្វើឡើងតែមួយលើកឲ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឲ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឲ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្សសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នឹងអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈ សង្ឃឹមថា សម្តេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕