ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង៣ពាន់នាក់ នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ

16


ឧត្ដរមានជ័យ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់ រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ ស្ថិតនៅក្នុងបរិវេណ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាម រយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគម គ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យនេះ ដោយឥតគិតថ្លៃទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ។
លោកជំទាវបណ្ឌិតបានបញ្ជាក់ថា បើសិនជាលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន ប្រជាពលរដ្ឋ មានករណីឈឺធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង