ក្រសួងការពារជាតិចិនចោទអូស្ត្រាលីថានិយាយបំផ្លើស អំពីការធ្វើសមយុទ្ធជើងទឹករបស់ចិន
Reuters៖អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយនៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈថាការតវ៉ារបស់អូស្រា្តលីជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពជើងទឹកចិន នៅក្នុងដែនទឹកអន្តរជាតិ ស្ថិតនៅចន្លោះរវាងអូស្ត្រាលី និងនូវែលសេឡង ជាការបំផ្លើស និងបំភ្លៃការពិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិកម្មរបស់ក្រសួងការពារជាតិចិន កើតមានឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីថ្ងៃសៅរ៍ថាទីក្រុងប៉េកាំង មិនបានផ្ដល់ហេតុផលសមរម្យអាចទទួលយកបាននោះទេ ចំពោះអ្វីដែលលោកផ្ទាល់ហៅថាជាការជូនដំណឹងមិនគ្រប់គ្រាន់អំពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃសុក្រ ដែលបង្ខំជើងហោះជាច្រើនត្រូវបើកវៀងផ្លូវ។ ប៉ុន្តែ លោក Wu Qian បានបញ្ជាក់ថាភាគីចិនបានជូនដំណឹង ជាមុនអំពីសុវត្ថិភាពម្ដងហើយម្ដងទៀត ហើយថាសកម្មភាពរបស់កងទ័ពជើងទឹកចិន ធ្វើឡើងស្របតាមច្បាប់អន្តរជាតិ និងមិនបានបង្កផលប៉ះពាល់ដល់សុវត្ថិភាពអាកាសចរណ៍នោះទេ។ «អូស្ត្រាលី ពិតណាស់បានដឹងពី រឿងនេះ តែបែរជាធ្វើការចោទប្រកាន់គ្មានហេតុផលប្រឆាំងនឹងចិន និងមានចេតនានិយាយបំផ្លើសទៅវិញ»។ នេះជាការបន្ថែមរបស់លោក Wu Qian។
គួរបញ្ជាក់ថា នូវែលសេឡង់ បានអះអាងថាខ្លួនបានតាមដានកងទ័ពជើងទឹកចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងនៅថ្ងៃទី២ ហើយថាខ្លួនក៏កំពុងតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងចិនផងដែរ៕