ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវធិបតី ហ៊ុន ម៉ាណែត៖ ៣២ឆ្នាំមកនេះ ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត មីន និងគ្រាប់មិនទាន់ផ្ទះសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល

16

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ នេះបើតាមចេញសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បីសហគមន៍មានសុវត្ថិភាព» របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
បន្ថែមពីនោះទៀត សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ផ្ទៃដីទំហំទាំង៣ ២៩៧គីឡូម៉ែត្រការ៉េនេះ ក្នុងនោះវិស័យកសិកម្មមាន ៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៤ភាគរយ និងផ្សេងៗមាន ១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។
សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា មីនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មិនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។
ដោយឡែក នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន១៧ ៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩១ ១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ក្នុងឆ្នាំ២០២៤។
 សម្ដេចបវធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។
ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បី អាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់ គ្រប់ទីកន្លែង។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត។
សម្ដេចបវធិបតី ហ៊ុន ម៉ាណែត, ក្នុងឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយមានការចូលរួម ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសប្បុរសជននានា។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលបានបង្កើត «មូលនិធិកម្ពុជាគ្មានមិន ឆ្នាំ២០២៥» ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់និងសហគមន៍រងផលប៉ះពាល់ ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្តើមធ្វើការបោសសម្អាតមីន ឱ្យអស់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ។
ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី ខេត្តចំនួន១៥ ជារាជធានី ខេត្តអស់មីន រួមមានខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង