ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

155

ព្រះ​វិហារ ៖ អាជ្ញាធរព្រះ​វិហារ​ ដឹកនាំដោយលោកអ៊ុន ចាន់ដា ជាអភិបាលខេត្ត និងមានការចូលរួមពីលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ កាលពីវេលាម៉ោង១០យប់ថ្ងៃ​ទី​៣០/១១/២០១៨ បានធ្វើពិធីវាយគង ទូងស្គ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ” ល្ខោនខោល ” របស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិ ។

  ល្ខោនខោល ជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ នេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

ល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាស្នាដៃសិល្បៈបុរាណដ៍វិសេសវិសាលអស្ចារ្យ និង មានតំលៃជាសាកល។  ល្ខោនខោល គឺជាបេតិកភ័ណ្ឌទី៥ ហើយដែលបានទទួលនូវឋានៈដ៍ឧត្តុង្គឧត្តម បន្ទាប់ពីការបញ្ចូល ប្រាសាទសំបូរព្រៃគុក​ ក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧​កន្លងទៅ។ បេតិកភ័ណ្ឌផ្សេងទៀត ដែលត្រូវបានបញ្ចូលក្នុងបញ្ជីរសម្បត្តិវប្បធ៌មពិភពលោក  រួមមាន៖ ប្រាសាទអង្គរវត្ត នៅឆ្នាំ១៩៩២ ,របាំក្បាច់បុរាណខ្មែរ ( របាំព្រះរាជទ្រព្យ) នៅឆ្នាំ២០០៣ និង ប្រសាទព្រះវិហារ នៅឆ្នាំ២០០៨៕

 

អត្ថបទដែលជាប់ទាក់ទង