ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពាក្យស្លោកដែលបានដាក់ចេញតាំងពីនៅជាកងទ័ព «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍»

12

សៀមរាប៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពាក្យស្លោកដែលបានដាក់ចេញតាំងពីនៅជាមេបញ្ជាការកងទ័ពជើងគោក គឺ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ដើម្បីចែករំលែកដល់និស្សិតបញ្ចប់ការសិក្សាក្នុងការយកទៅប្រើប្រាស់ក្នុងអាជីពការងារណាមួយនាពេលខាងមុខ។
ការចែករំលែកបទពិសោធន៍ការងារនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចបវរធិបតីបានលើកបទពិសោធន៍កាលនៅមេបញ្ជាការកងទ័ពជើងគោក ដែលមានពាក្យស្លោកមួយ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍»។ អ្វីទៅធ្វើឱ្យលឿន ធ្វើឱ្យលះ គឺបានន័យថា ធ្វើឱ្យបានលទ្ធផលលឿន កុំទុកយូរ ឬត្រូវកត់ទុកដើម្បីកុំឱ្យភ្លេច ហើយធ្វើកិច្ចការអាទិភាព។ ប្រសិនបើយើងធ្វើការងារសំខាន់ៗហើយ ក្នុងពេលដំណាលគ្នានោះ ទុកការងារដែលមានអាទិភាពក្រោយ ឬមិនសូវសំខាន់ ត្រូវធ្វើប្រតិភូកម្មឱ្យគេជួយធ្វើ ហ្នឹងហើយសូម្បីតែរាជរដ្ឋាភិបាលក៏ធ្វើមជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការដែរ។
សម្ដេចបវរធិបតីបានបន្តា វិធីសាស្ត្រនៃការធ្វើការងារ ទី១-ត្រូវក្ដាប់គោលគំនិតឱ្យបានច្បាស់លាស់ ទី២-ត្រូវព្យាយាមដោះស្រាយបញ្ហាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ត្រូវកែច្នៃគំនិតខ្លួនឯងដែលស្របទៅនឹងគោលគំនិតរបស់ថ្នាក់លើ នេះហើយដែលថាធ្វើឱ្យលះ ប្រសិនបើជួបឧបសគ្គយ៉ាងណានោះ គឺត្រូវរាយការណ៍សុំគោលការណ៍ ការងារអ្វីក៏ដោយធ្វើបាន ឬមិនបាន ក៏ត្រូវរាយការណ៍។ ម្យ៉ាងទៀត ធ្វើការ កុំខ្លាចមេក្នុងការរាយការណ៍។
សម្ដេចបានបន្តទៀតថា កិច្ចការទាំងនេះ មិនយើងជាមេគេ ឬកូនចៅគេ ឬធ្វើការឱ្យខ្លួនឯងក៏ដោយ គឺត្រូវប្រកាន់ខ្ជាប់ជានិច្ច ដែលទាំងនេះគឺជាបទពិសោធន៍ការងារដែលសម្ដេចបានជួប និងចង់ចែករំលែកដល់និស្សិតបញ្ចប់ការសិក្សាក្នុងការយកទៅប្រើប្រាស់ក្នុងអាជីពការងារណាមួយ នាពេលខាងមុខ។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា «រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយកសាធនធានមនុស្ស គឺពឹងទៅលើធនធានមនុស្សរបស់យើងដែលកាន់តែរីកចម្រើន»៕

អត្ថបទដែលជាប់ទាក់ទង