ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលឥស្លាម ជាលើកដំបូងនៅកម្ពុជា រៀបចំដោយអង្គការសម្ព័ន្ធ ពិភពឥស្លាម
ភ្នំពេញ៖នៅព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម។
កិច្ចប្រជុំកំពូលឥស្លាម ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ដោយអង្គការសម្ព័ន្ធ ពិភពឥស្លាម ក្រោមប្រធានបទ «ឥស្លាមនិងពុទ្ធសាសនា»។ អង្គការសម្ព័ន្ធពិភពឥស្លាម បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រអារ៉ាប៊ីសាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិ បត្តិការ ឥស្លាម (OIC)។ អង្គការនេះ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah ប្រទេស អារ៉ាប៊ី សាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ច សហ ប្រតិបត្តិការឥស្លាម និងមនុស្សធម៌នៅទូទាំងសកលលោក។
កិច្ចប្រជុំកំពូលឥស្លាម រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាមនាព្រឹកថ្ងៃនេះ មានការ អញ្ជើញចូលរួមពីអគ្គលេខាធិការរងអង្គការសម្ព័ន្ធពិភពឥស្លាម និងប្រតិភូ មកពី បណ្តា ប្រទេសចំនួន៣១ ស្មើនឹងប្រមាណ ១៨០នាក់។ ក្នុងប្រជុំនេះ ក៏មានការយាង និងនិមន្ត ចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃ នាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងព្រះសង្ឃនិមន្តមកពីបរទេស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា គណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និស្សិតបញ្ញវន្ត សរុបចំនួន ១,១០០ នាក់។
ការរៀបចំកិច្ចប្រជុំកំពូលលើកទី១ របស់អង្គការស ម្ព័ន្ធពិភពឥស្លាមនៅលើទឹកដី កម្ពុជា នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និង សាស នានៅកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភា បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរ អង្វែងរបស់កម្ពុជា។ លើសពីនេះ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងបង្ហាញ ដល់បណ្តា ប្រទេសដែលជាសមាជិករបស់អង្គការសម្ព័ន្ធពិភពឥស្លាម បណ្ដារដ្ឋ ៥៧ប្រទេស ដែលជា សមា ជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានា នៅលើសាកល លោក បានឃើញថាកម្ពុជាអាចចាត់ទុកជាប្រទេសគំរូមួយ ក្នុង ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ទាំង ស្រុង និងទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសាសនិកឥស្លាម។
តាមរយៈកិច្ចប្រជុំកំពូលនេះ ប្រទេសកម្ពុជានឹងត្រូវបានពិភពលោកទាំងមូលចាត់ទុកថា ពិតជាប្រទេសគំរូមួយ ក្នុងការ ផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញ លេញ ដល់ប្រជាជនរបស់ខ្លួន ដែល មានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ខណៈ ប្រទេសជាច្រើនមួយ ចំនួនមិន ទាន់ អាចធ្វើបានដូចកម្ពុជា។
កិច្ចប្រជុំកំពូលនេះ ក៏ជាឱកាសបង្ហាញពីសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាបានជូនដល់សហគមន៍ខ្មែរឥស្លាម ទាក់ ទង នឹងកត្តានាំទៅសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលនាំឱ្យសហគមន៍ ខ្មែរ ឥស្លាមរួមរស់ដោយសប្បាយរីករាយ សុភមង្គលជាមួយសហគមន៍ខ្មែរ កាន់ ព្រះពុទ្ធ សាសនា និងសាសនាដទៃ ប្រកបដោយសាមគ្គីភាព និងភាតរភាពបំផុត។
កិច្ចប្រជុំកំពូលឥស្លាម ក៏នឹងបង្ហាញពិភពលោកថា សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមាន រដ្ឋជា សមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ និង អង្គការសម្ព័ន្ធ ពិភព ឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឹថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជា ធ្វើជាគំរូ ដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាមភាគតិច ប្រមាណ ៥ភាគរយ និងព្រះពុទ្ធសាសនាប្រមាណ ៩៣ភាគរយ និងសាសនាផ្សេង ២ភាគ រយ ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធ ពិភពឥស្លាម មានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ សាសនិកឥស្លាមនៅកម្ពុជា។ តាមរយៈទំនាក់ទំនងជិតស្និទ្ធនេះ បានជំរុញឱ្យ លោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៊ីសា អគ្គលេខាធិការនៃអង្គការ សម្ព័ន្ធពិភព ឥស្លាម ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនោះ លោកបណ្ឌិត ទទួលបានការប្រោសប្រទានព្រះបរមរាជានុញ្ញាត ចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ អញ្ជើញជួបជាមួយថ្នាក់ដឹកនាំសង្ឃ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។
តាមរយៈទំនាក់ទំនងល្អប្រសើរនេះ អង្គការសម្ព័ន្ធពិភពឥស្លាម ក៏បានផ្តល់នូវជំនួយផ្សេងដល់សហគមន៍សាសនិកឥស្លាមនៅកម្ពុជាផងដែរ៕