ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែន បង្ហាញ ព័ត៌មាន លម្អិត កិច្ច ព្រមព្រៀង រ៉ែ ជាមួយ អាមេរិក តែនៅ ខ្វះ ការ ធានា សន្តិសុខ ច្បាស់លាស់

15


ក្រុងកៀវ៖នាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃពុធនេះ បាន បង្ហាញ ព័ត៌មាន លម្អិត នៃ កិច្ច ព្រមព្រៀង រ៉ែ ជាមួយ សហរដ្ឋ អាមេរិក ដោយ បញ្ជាក់ ថា ពាក្យពេចន៍ ក្នុង កិច្ច ព្រមព្រៀង បង្ហាញ ពី ការ គាំទ្រ របស់ ទីក្រុង វ៉ាស៊ីន តោន ចំពោះ កិច្ច ខិតខំ ប្រឹងប្រែង របស់ ទីក្រុង កៀវ ក្នុង ការ ទទួល បាន ការ ធានា សន្តិសុខ ប៉ុន្តែ មិន មាន ការ សន្យា ជាក់លាក់ ណា មួយ នៅ ឡើយ ទេ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីបានលាតត្រដាងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដោយបញ្ជាក់ថា អ៊ុយក្រែននឹងបែងចែក ៥០% នៃ «ប្រាក់ចំណូលដែលទទួលបាននាពេលអនាគត ពីការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ»។ ប្រាក់ចំណូលទាំងនេះ នឹងត្រូវដាក់ចូលក្នុងមូលនិធិរួមមួយ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងអ៊ុយក្រែន។ លោកបានបញ្ជាក់បន្ថែមថា«ប្រាក់បញ្ញើ សម្ភារៈបរិក្ខារ អាជ្ញាប័ណ្ណ និងកិច្ចសន្យាជួលដែលមានស្រាប់មិនត្រូវរាប់បញ្ចូល ក្នុងការចរចាបង្កើតមូលនិធិនេះឡើយ»។
កិច្ច ព្រមព្រៀង នេះ គឺ ជា ចំណុច ស្នូល នៃ កិច្ច ប្រឹងប្រែង របស់ អ៊ុយក្រែន ក្នុង ការ ទទួល បាន ការ គាំទ្រ ដ៏ រឹងមាំ ពី លោក ដូណាល់ ត្រាំ ខណៈ ដែលប្រធានាធិបតីអាមេរិករូបនេះ ខិតខំ បញ្ចប់ សង្គ្រាម អ៊ុយក្រែនយ៉ាង ឆាប់ រហ័ស ដែល ជា ការណ៍ ធ្វើ ឱ្យ អ្នក គាំទ្រ អ៊ុយក្រែន ព្រួយ បារម្ភ ថា អាច នឹង ធ្វើ ឱ្យ ប៉ះពាល់ ដល់ ផល ប្រយោជន៍ ជាតិ របស់ អ៊ុយក្រែន។
លោក Shmyhal បាន បញ្ជាក់ ថា រដ្ឋាភិបាល នឹង អនុម័ត សេចក្តី ព្រាង កិច្ច ព្រមព្រៀង នៅ ថ្ងៃ ពុធ នេះ ដើម្បី ឱ្យ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy អាច ចុះ ហត្ថលេខា ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃសុក្រខាងមុខ ជាថ្ងៃដែលលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោកបានគូសបញ្ជាក់ពីលក្ខខណ្ឌ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែបឋម ដោយតំណាងរដ្ឋាភិបាលអ៊ុយក្រែនថា «ការចុះហត្ថលេខានឹងកើតឡើង តែបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកភាពលើការធានាសន្តិសុខ និងវិធីសាស្ត្រ ក្នុងការបញ្ចូលការធានាទាំងនោះ ទៅក្នុងកិច្ចព្រមព្រៀង ព្រមទាំងធ្វើឡើងក្នុងវត្តមានរបស់មេដឹកនាំទាំងពីរ»៕

អត្ថបទដែលជាប់ទាក់ទង