ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម កើត ឆែ៖អញ្ជើញក្រុមគ្រូពេទ្យមកបណ្តុះបណ្តាលតម្រង់ទិសស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាល ពីគុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យនិងអ្នកជម្ងឺ,រួមគ្នាទប់ស្កាត់ពាក្យថាគ្រូពេទ្យមិនល្អ គ្មានវិជ្ជាជីវៈ

21

ភ្នំពេញ៖ គ្រូពេទ្យនិងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ ដោយគ្រូបង្រៀនជាមាតាទី២ ចំណែកគ្រូពេទ្យមានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យបានជួយយើង «មនុស្ស»ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដម និងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យនិងអ្នកជម្ងឺនាព្រឹកថ្ងៃទី២៧កុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម កើត ឆែ បានមានប្រសាសន៌ទៀតថា៖ គ្រូពេទ្យនិងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ។សំរាប់គ្រូបង្រៀន ដែលជាមាតាទី២ អាចបង្រៀនយើងឱ្យចេះដឹងបានត្រឹមតែក្នុងរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែសំរាប់គ្រូពេទ្យវិញ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យ មានគុណប្រយោជន៍ជាមួយយើង ចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថាប្ដីប្រពន្ធរៀបការថ្មី មិនទាន់មានកូនក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ ពេលមានផ្ទៃពោះ ពេលសំរាលកូនក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យរហូតដល់ថ្ងៃស្លាប់។
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានបន្តថា៖ សុខភាពជារឿងសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសុខមាលភាពប្រជាពលរដ្ឋនេះ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ឬជាប្រទេសអ្នកមាន។
ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា៖ ការអញ្ជើញ លោកគ្រូ អ្នកគ្រូពេទ្យមកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ គឺមិនមែនមានន័យថា លោកគ្រូ អ្នកគ្រូពេទ្យមានកំហុសឆ្គងឬបំពេញការងារមិនល្អនោះទេ។លោកគ្រូ អ្នកគ្រូពេទ្យកន្លងមកនេះបានបំពេញការងារល្អណាស់ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងតំណាក់ការនៃការរីករាលដាលជម្ងឺកូវីដ-១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឱ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសលឱ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ។
ឯកឧត្ដមអភិបាលរងរាជធានីនូវបានរំលឹកថា៖កាលពីរាជរដ្ឋាភិបាលអណត្តិទី៦បានចាត់ទុក្ខក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ជាវីរៈជនព្រោះអំឡុងពេលកូវីដ១៩គ្រូពេទ្យយើងបានបំពេញការងារបម្រើប្រជាពលរដ្ឋបានល្អ។
ឯកឧត្ដមបញ្ជាក់ទៀតថា៖ វគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវា ថែទាំសុខភាព ស្រប តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលខ្លឹមសារមេផ្តោតសំខាន់លើ កំណារពារ និងព្យាបាលជម្ងឺផ្លូវចិត្តតាមរយៈ ទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណ តម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ)។
ក្រោយពីសិក្សារួចសិក្ខាកាម នឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផល សុជីវធម៌ សីលធម៌ ក្នុងការប្រតិបត្តិល្អនូវ (កាយ វាចា ចិត្ត) ក្នុងទំនាក់ទំនង ទាំងពាក្យសំដី និង មិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងនូវវិធីគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍ ដើម្បី ធ្វើឱ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង