ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖កម្ពុជាត្រូវតែពង្រឹង និងពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅ ខែធ្នូ ឆ្នាំ២០២៩

15

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជារដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្តី បានប្រសាសន៍ថា កម្ពុជាត្រូវតែពង្រឹង និងពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ខាងមុខ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលោកអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ក៏ដូចជាការវិលត្រលប់មកវិញនូវសង្គ្រាមពាណិជ្ជកម្ម និងលក្ខខណ្ឌតម្រូវទីផ្សារកាន់តែខ្ពស់ កំពុងបង្កភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដែលនាំមកទាំងហានិភ័យ និងកាលានុវត្តភាពសម្រាប់កម្ពុជា។
ឯកឧត្ដមបន្តថា ការវិវត្តឥតឈប់ឈរផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្ម ៤.០ ក៏កំពុងផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល តាមរយៈកំណើននៃការធ្វើស្វ័យប្រវត្តិកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការអនុវត្តផលិតកម្មឆ្លាតវៃ។ កម្ពុជាត្រូវជម្នះបញ្ហាប្រឈមទាំងនេះ និងចាប់យកកាលានុវត្តភាព ដើម្បីធានាចីរភាពកំណើន ជាពិសេសការបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្មធុនធំ និងសហគ្រាសធុនតូច និងមធ្យម ដែលជាចំណែកនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ឯកឧត្ដមបន្ថែមថា «នៅទសវត្សរ៍ចុងក្រោយនេះ យើងកត់សម្គាល់ឃើញថា ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ។ វិស័យកម្មន្តសាលទាំង កាត់ដេរ និងមិនមែនកាត់ដេរ បានចូលរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច។ ការនាំចេញនៅឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផលកម្ពុជាកាន់តែច្រើនកំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ កម្ពុជាត្រូវតែពង្រឹង និង
ពន្លឿនឧស្សាហូបនីយកម្មរបស់ខ្លួន ហើយរចនាសម្ព័ន្ធនិងមូលដ្ឋានសេដ្ឋកិច្ចដែលបានទ្រទ្រង់កំណើនជាង ២ ទសវត្សរ៍ កន្លងមកនេះ ក៏ត្រូវធ្វើបរិវត្តកម្ម និងពិពិធកម្មផងដែរ»។
ឯឧត្ដមមានប្រសាសន៍ទៀតថា បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា គឺការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតារបស់យើងក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ យើងត្រូវត្រៀមរៀបចំ និងអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយយុទ្ធសាស្ត្រ និងភាពឆ្លាតវៃ។
បន្ថែមពីនេះ កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយត្រៀមធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស។ ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការលើកម្ពស់សុខភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស នឹងជំរុញផលិតភាព ព្រមទាំងទាក់ទាញឧស្សាហកម្មមិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។
ការបង្កើតបរិយាកាសគាំទ្រសម្រាប់សហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម, ការកែលម្អវិស័យគាំទ្រ ដូចជាឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិតកម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជាអាទិភាព ដើម្បីកម្ពុជាក្លាយជាគោលដៅវិនិយោគសំខាន់មួយនៅក្នុងតំបន់។ ការអនុវត្តគោលការណ៍ផលិតកម្មដែលមានមេត្រីភាពបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ព្រមទាំងការអភិវឌ្ឍឧស្សាហកម្មបៃតង ក៏ជានិន្នាការសកល ដែលអាចពង្រឹងមូលដ្ឋានសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ការផ្លាស់ប្តូរ ទាំងនេះនឹងលើកកម្ពស់ភាពប្រកួតប្រជែងរបស់យើង បង្កើនភាពធន់ទៅនឹងវិបត្តិ និងគាំទ្រកម្ពុជាក្នុងដំណើរចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចដោយជោគជ័យ។
ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មានប្រសាសន៍ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ គឺជារបត់ប្រវត្តិសាស្ត្រដ៏សំខាន់ និងជាការបើកទំព័រសករាជសេដ្ឋកិច្ចដែលទាមទារ ឱ្យមានការរៀបចំនិងពង្រឹងសមត្ថភាពស្ថាប័ន ធនធានមនុស្ស និងអនុលោមភាពលក្ខខណ្ឌទីផ្សារនានាជាច្រើន។
ឯកឧត្ដមបន្តថា ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីគាំទ្រដល់ការលើកកម្ពស់គុណភាពផលិតផល និងការទទួលស្គាល់ជាអន្តរជាតិ គឺជាកិច្ចការអាទិភាពដែល ក្រសួងបានយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធចូលរួម។ ការកសាងឧស្សាហកម្មប្រតិគមន៍ ជាពិសេសឧស្សាហកម្មនិងSMEsក្នុងស្រុកដែលគាំទ្រដល់ការវិនិយោគផ្ទាល់ពីបរទេស កំពុងត្រូវបានជំរុញ និងកសាងឱ្យបានក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចទុកចិត្ត និងទទួលយកបាន ៕

អត្ថបទដែលជាប់ទាក់ទង