ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ត្រាំ៖ ពន្ធគយ ២៥ភាគរយលើម៉ិកស៉ិក កាណាដា និង ១០ភាគរយបន្ថែមលើចិន ត្រូវចូលជាធរមាននាថ្ងៃទី៤ ខែមីនា

15


វ៉ាស៉ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដំឡើងពន្ធ ២៥ភាគរយលើទំនិញម៉ិកស៉ិក កាណាដា នឹងចូលជាធរមាននាថ្ងៃទី៤ ខែមីនា រួមជាមួយនិងពន្ធបន្ថែម ១០ភាគរយទៀតលើការនាំចូលរបស់ចិន ដោយសារតែថ្នាំដែលសម្លាប់អាយុជីវិតមនុស្ស នៅតែហូរចូលសហរដ្ឋអាមេរិក មកពីប្រទេសទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
លោក ត្រាំ ប្រាប់ក្រុមអ្នកយកព័ត៌មានថា ការសម្រេចដាក់ពន្ធបន្ថែមលើចិន និងចំថ្ងៃឱសានវាទសម្រាប់កាណាដា និងម៉ិកស៉ិក ត្រឹមថ្ងៃអង្គារ ទី៤ ខែមីនា គឺជាអ្វីដែលរដ្ឋបាលរបស់លោក មើលលើឃើញថាមិនមានភាពគ្រប់គ្រាន់លើការទប់ស្កាត់លំហូរចូលថ្នាំ fentanyl មកសហរដ្ឋអាមេរិក។
នៅពេលត្រូវបានសួរថា តើម៉ិកស៉ិក និងកាណាដា បានធ្វើសកម្មភាពទប់ស្កាត់ការនាំចេញថ្នាំ fentanyl ទៅកាន់សហរដ្ឋអាមេរិកឬទេ? លោក ត្រាំ ឆ្លើយតបថា «ខ្ញុំមិនឃើញទាល់តែសោះ»។ បើតាមមន្ត្រីសេតវិមាន មានការពិភាក្សាគ្នាបន្តបន្ទាប់ជាមួយភាគីចិន ម៉ិកស៉ិក និងកាណាដា ដោយទទួលបានដំណោះស្រាយល្អលើបញ្ហាអន្តោប្រវេសន៍ ប៉ុន្តែនៅតែមានការព្រួយបារម្ភពីបញ្ហាថ្នាំ fentanyl។
គួរបញ្ជាក់ថា ការប្រកាសដាក់ពន្ធ ១០ភាគរយទៀតរបស់លោក ត្រាំ នាពេលនេះ នឹងធ្វើឱ្យពន្ធគយរបស់សហរដ្ឋអាមេរិកលើការនាំចូលរបស់ចិន កើនឡើងដល់ ២០ភាគរយ ចំពោះមុខមានក្តីបារម្ភអំពីការវិវត្តន៍នៃជម្លោះពាណិជ្ជកម្ម រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកទាំងពីរនេះ៕

អត្ថបទដែលជាប់ទាក់ទង