កម្ពុជាមានទឹកស្តុកប្រមាណ ៤,០០០លានម៉ែត្រគូបសម្រាប់ប្រើក្នុងរដូវប្រាំងគឺជាមរតកនយោបាយទឹករបស់សម្ដេចតេជោ
ភ្នំពេញ៖ឯកឧត្ដមថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បង្ហាញពីមរតកដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នយោបាយទឹក ដែលបានធ្វើឱ្យប្រទេសកម្ពុជាមាន អាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសមានទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងប្រមាណ ៤,០០០លានម៉ែត្រគូប ដែលអាចឱ្យកសិករមានទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនារដូវប្រាំងនាពេលកន្លងមក។
ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្ដមរដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះថា៖ «ក្នុងអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជរាណាចក្រកម្ពុជា លោកបានកសាងច្រើនណាស់ កសាងនូវអាងទឹកធំៗទូទាំងប្រទេស គឺមានចំនួន ៨អាងទឹករួចមកហើយ នៅក្នុងនោះតូចបំផុតក៏មានទឹកតិចបំផុត ២៥លានម៉ែត្រគូប ក្នុងមួយអាង រហូតដល់អាងខ្លះមានប្រមាន ៣០០លានម៉ែត្រគូប ក្នុងមួយអាង»។
ឯកឧត្ដមរដ្ឋមន្រ្តីបានបន្តថា៖ «សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានក៏សាងបន្ទាប់ពីអាងទឹកនោះគឺ ប្រព័ន្ធធារាសាស្រ្ត ដែលប្រព័ន្ធធារាសាស្រ្តនៅទូទាំងប្រទេសយើង ដែលយើងមានរហូតដល់សព្វថ្ងៃនេះមានជាង២,០០០ប្រព័ន្ធរួចមកហើយ។ នៅក្នុងនោះមានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មានប្រព័ន្ធធារាសាស្រ្តខ្នាតកណ្ដាល និងប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដែលខ្នាតតូចនោះគឺយើងអាចស្រោចស្រពពី២០០ ទៅដល់៥០០០ហិកតា ហើយខ្នាតមធ្យមគឺ៥០០ហិកតាឡើង។ នេះគឺជាស្នាដៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំនៅក្នុងអាណត្តិរបស់លោកកន្លង»។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២,៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១,១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១,១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ (អាងទឹកសរុបប្រមាណ១,៥០០អាង) ក្នុងនោះប្រព័ន្ធធារាសាស្រ្តមានប្រវែងសរុបប្រមាណ ៧0,០០០គីឡូម៉ែត្រ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១,៩៦៩,៨៤៣ហិកតា៕