លោក ត្រាំ ចេញបទបញ្ជាកំណត់យក ភាសាអង់គ្លេស ជាភាសាជាតិផ្លូវការរបស់សហរដ្ឋអាមេរិក
វ៉ាស៉ីនតោន៖កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់យក ភាសាអង់គ្លេស ជាភាសាប្រើប្រាស់ផ្លូវការរបស់សហរដ្ឋអាមេរិក ដើម្បីនាំមកនូវភាពរួបរួមក្នុងប្រទេសមួយ ដែលមានប្រជាជនចម្រុះជាតិសាសន៍ មកពីគ្រប់ទិសទីជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បញ្ជាប្រតិបត្តិខាងលើបាននិយាយថា វាដល់ពេលហើយ ដែលភាសាអង់គ្លេស ត្រូវប្រកាសជា ភាសាផ្លូវការរបស់សហរដ្ឋអាមេរិក ខណៈភាសាជាតិ គឺជាស្នូលនៃសង្គមមួយ ដែលមានសាមគ្គីភាព និងភាពស្អិតរមួត។ ស្របពេលដែលសេតវិមានទទួលស្គាល់ថា ភាសាសរុបច្រើនជាង៣៥០ភាសា ត្រូវបានប្រើប្រាស់ក្នុងការនិយាយ នៅសហរដ្ឋអាមេរិកក៏ដោយ បទបញ្ជារបស់លោក ត្រាំ អះអាងថា អង់គ្លេសគឺជាភាសារបស់ជាតិ ចាប់តាំងពីការកកើតប្រទេសដំបូង ហើយឯកសារអភិបាលកិច្ចប្រវត្តិសាស្រ្តនានា រួមមានទាំង សេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញ សុទ្ធតែត្រូវបានសរសេរជាភាសាអង់គ្លេសទាំងអស់។
គួរបញ្ជាក់ថា យោងតាមតួលេខឆ្នាំ២០១៩ របស់រដ្ឋាភិបាលអាមេរិក មនុស្សជិត៦៨លាននាក់ និយាយភាសាផ្សេងក្រៅពីអង់គ្លេស នៅក្នុងផ្ទះរបស់ពួកគេ។ ខណៈអង់គ្លេស គឺជាភាសាដែលគេនិយាយភាគច្រើន នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ មនុស្សច្រើនជាង ៤០លាននាក់ នៅក្នុងប្រទេសនេះ គឺនិយាយភាសាអេស៉្បាញ នៅផ្ទះ។ ក្រៅពីនេះ ភាសាដទៃទៀត ដូចជាចិននិងវៀតណាម ជាដើម ក៏មាន អ្នកនិយាយច្រើនគួរសមផងដែរ៕