ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំអង់គ្លេស និងអឺរ៉ុប ឯកភាពគ្នាដើម្បីព្រាងផែនការសន្តិភាពអ៊ុយក្រែន ទុកបង្ហាញសហរដ្ឋអាមេរិក

24

ឡុងដ៍៖នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាបណ្ដាមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាលើការព្រាងផែនការសន្តិភាពអ៊ុយក្រែនមួយឡើង ដើម្បីបង្ហាញទៅកាន់ សហរដ្ឋអាមេរិក ដែលជាជំហានមួយដ៏សំខាន់ដើម្បីបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខដែលអ៊ុយក្រែនចាត់ទុកថាមានសារៈសំខាន់បំផុតក្នុងការកំញើញរុស្ស៉ី។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯកិច្ចប្រជុំកំពូលបន្ទាន់ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា ដែលរៀបចំឡើង២ថ្ងៃ បន្ទាប់ពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោក ដូណាល់ ត្រាំ ហើយដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនត្រូវបានលុបចោលពាក់កណ្ដាលទី បណ្ដាមេដឹកនាំអឺរ៉ុបបានបង្ហាញការគាំទ្រដល់លោកប្រធានាធិបតីអ៊ុយក្រែន ជាមួយការសន្យាដែរថា នឹងបន្តផ្ដល់ជំនួយបន្ថែមដើម្បីជួយប្រទេសរបស់លោក។
មេដឹកនាំអឺរ៉ុប បានឯកភាពគ្នាថាពួកគេត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិ សំដៅបង្ហាញឱ្យលោក ត្រាំ បានឃើញថាអឺរ៉ុបមានសមត្ថភាពការពារខ្លួនឯង ខណៈប្រធាន គណៈកម្មការអឺរ៉ុប បានលើកឡើងថាអឺរ៉ុបគួរតែបន្ធូរបន្ថយច្បាប់មួយចំនួនដែលរឹតត្បិតកម្រិតនៃបំណុល។ លោក Starmer ដែលបានទទួលស្វាគមន៍លោក ហ្សេលេនស្គី យ៉ាងកក់ក្ដៅ បាននិយាយថាចក្រភពអង់គ្លេស អ៊ុយក្រែន បារាំង និងបណ្ដាប្រទេសអឺរ៉ុបមួយចំនួនទៀត នឹងបង្កើតក្រុមចម្រុះមួយ ហើយព្រាងផែនការសន្តិភាពមួយឡើងដើម្បីផ្ញើទៅកាន់លោក ត្រាំ។ «នេះមិនមែនជាពេលត្រូវរៀបចំកិច្ចចរចាបន្ថែមទេ។ តែវាជាពេលត្រូវធ្វើសកម្មភាព។ វាជាពេលត្រូវបង្កើន ដឹកនាំ និងរួបរួមគ្នាលើផែនការថ្មីមួយសម្រាប់សនិ្តភាពយូរអង្វែង»។ នេះជា ការបញ្ជាក់បន្ថែមរបស់លោក Starmer។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំអឺរ៉ុបមិនបានលម្អិតពីផែនការរបស់ពួកគេឡើយ។ តែនៅមុនកិច្ចប្រជុំនៅទីក្រុងឡុងដ៍ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់កាសែត បារាំង Le Figaro ថាផែនការថ្មីនោះនឹងរួមមានបញ្ចូលបទឈប់បាញ់រយៈពេល ១ខែ ដែលនឹងតម្រូវឱ្យបញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស និងសមុទ្រ តែមិនរាប់បញ្ចូល ការវាយប្រយុទ្ធគ្នាលើដីគោកនោះទេ។ បើតាមលោក ម៉ាក្រុង កងទ័ពអឺរ៉ុបក៏អាចនឹងត្រូវបានដាក់ពង្រាយផងដែរ ប្រសិនបើមានការឈានដល់ ឬសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព ណាមួយ។ ក៏ប៉ុន្តែ វាមិនទាន់ច្បាស់ថាតើប្រទេសអឺរ៉ុបផ្សេងទៀតយល់ស្របលើលក្ខខណ្ឌនៃផែនការថ្មីនេះ ឬក៏យ៉ាងណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង