ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥

15

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា គឺជាសន្និសីទដ៏សំខាន់បំផុតមួយនៅកម្ពុជា ដែលវិទ្យាស្ថាន CDRI បានរៀបចំអស់រយៈពេល១៦ឆ្នាំមកហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រហែល៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថាន សិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជា។
សន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាកន្លងមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ តាមរយៈការថ្លែងសុន្ទរកថាគន្លឹះ បើកអង្គសន្និសីទ និងមានប្រសាសន៍សំណេះសំណាល សុទ្ធតែបានទទួលជោគជ័យយ៉ាងធំធេង។ សម្ដេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងគាំទ្រដល់វិទ្យាស្ថាន CDRI ជារៀងរហូត។
សម្តេចតេជោបានមានប្រសាន៍ដោយផ្ទាល់ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ថា៖ «វិទ្យាស្ថាន CDRI គឺជាធនាគារខួរក្បាល ហើយវិទ្យាស្ថាន CDRI គឺជាកូនបង្កើតដែលសម្តេចតេជោ ជាអ្នកបង្កើតឡើង»។ មកទល់ពេលនេះ វិទ្យាស្ថាន CDRI មានអាយុ៣៥ឆ្នាំហើយ។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ធ្វើឡើងដោយផ្អែកលើសមិទ្ធផលនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាកន្លងមក ហើយនឹងបន្តធ្វើជាវេទិកាសម្រាប់ការពិភាក្សា ក្នុងន័យស្ថាបនា ក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។ គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការវាយតម្លៃពី ភាពខ្លាំង និងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន ដើម្បីកំណត់ទិដ្ឋភាព សំខាន់ៗដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។
សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្របសម្រួលកិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់លជាតិ និងអន្តរជាតិផងដែរ ដើម្បីយល់ឲ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ ដែលអាចប៉ះពាល់ដល់គន្លង នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។
សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦នេះ នឹងផ្ដោតសំខាន់លើ៖
ទី១៖ ដំណើរការ និងទស្សនវិស័យអភិវឌ្ឍន៍របស់កម្ពុជា។
ទី២៖ បញ្ហាប្រឈមនៃរចនាសម្ព័ន្ធ និងរបៀបវារៈកំណែទម្រង់បន្ទាន់ សម្រាប់កំណើនរយៈពេល វែងដោយគុណភាព។
ទី៣៖ ការភ្ជាប់ចក្ខុវិស័យកំណើនថ្មី ជាមួយនឹងការអនុវត្តគោលនយោបាយដោយប្រសិទ្ធភាព
*ទី៤៖ មាគ៌ាឆ្ពោះទៅមុខ៖ សារសំខាន់ៗ សម្រាប់កំណែទម្រង់ និងសកម្មភាព៕

អត្ថបទដែលជាប់ទាក់ទង