ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាប់ហើយថា! លោក ត្រាំ ផ្អាកការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែន ក្រោយប៉ះសម្ដីគ្នាជាមួយលោក ហ្សេលេនស្គី

11


ក្រុងវ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងនៅថ្ងៃចន្ទ ទី៣ ខែមីនា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្អាករាល់ការផ្ដល់ជំនួយយោធាទាំងអស់សម្រាប់អ៊ុយក្រែន បន្ទាប់ពី ការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីអាមេរិកខាងលើដដែល បានបញ្ជាក់ប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដូច្នេះថា «លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារូបលោកបាន និងកំពុងផ្តោតលើ សន្តិភាព។ យើងក៏ត្រូវការឱ្យដៃគូរបស់យើងមានការប្ដេជ្ញាចិត្តចំពោះគោលដៅមួយនេះផងដែរ។ យើងកំពុងផ្អាក ហើយត្រួតពិនិត្យជំនួយរបស់យើងឡើងវិញ ដើម្បីធានាឱ្យបានថា វានឹងចូលរួមចំណែកដល់ដំណោះស្រាយមួយ»។ ការិយាល័យរបស់លោក ហ្សេលេនស្គី មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី Reuters នោះទេ ដោយសារតែនៅក្រៅ ម៉ោងធ្វើការ។
ការផ្អាកការផ្ដល់ជំនួយោធាសម្រាប់អ៊ុយក្រែន កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយអាមេរិកស្ដីពីអ៊ុយក្រែន និងរុស្ស៉ី ដោយប្រកាន់យកជំហរផ្សះផ្សារជាមួយ ទីក្រុងមូស្គូ និងបន្ទាប់ពីការប៉ះសម្ដីគ្នាខ្លាំងៗជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែនថាមិនបានបង្ហាញ ការដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនក្នុងសង្រ្គាមជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣ ខែមីនា បានលើកឡើងជាថ្មីម្ដងទៀតថាលោក ហ្សេលេនស្គី គួរតែបង្ហាញការដឹងគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ភ្លាមៗក្រោយ រូបលោកបានតបតទាំងកំហឹងទៅនឹងការស្រង់សម្ដីរបស់លោក ហ្សេលេនស្គី ដោយទីភ្នាក់ងារសារព័ត៌មាន Associated Press ដែលបាននិយាយថាការបិទបញ្ចប់សង្រ្គាមកំពុងស្ថិតនៅលើ ផ្លូវដ៏វែងឆ្ងាយនៅឡើយ។ តែទោះជាយ៉ាងណា លោក ត្រាំ បាននិយាយថាកិច្ចព្រមព្រៀងរ៉ែជាមួយអ៊ុយក្រែននៅតែអាចធ្វើទៅកើត បើទោះជារូបលោកខកចិត្តជាមួយទីក្រុងកៀវក៏ដោយ។
មុនការទទួលស្គាល់របស់មន្ត្រីសេតវិមាន សារព័ត៌មាន Bloomberg និង Fox News បានរាយការណ៍ថាការផ្អាកនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមេដឹកនាំអ៊ុយក្រែនបង្ហាញពីការប្ដេជ្ញាចិត្ត ប្រកបដោយសុច្ឆន្ទៈចំពោះសន្តិភាព។ នេះមិនមែនជាការបិទបញ្ចប់ជំនួយជាអចិន្ត្រៃយ៍នោះទេ វាគ្រាន់តែការផ្អាកជាបណ្ដោះអាសន្នប៉ុណ្ណោះ»។ នេះបើតាម Fox News ដោយផ្អែកលើការស្រង់ សម្ដីពីមន្ត្រីម្នាក់នៃរដ្ឋបាលលោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង