ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី៖កំពុងគិតគូរបន្តដោះស្រាយបញ្ហា ជូនវិស័យអាកាសចរណ៍បន្ថែមដើម្បីមានលទ្ធភាពហោះហើរដឹកភ្ញៀវមកកម្ពុជាកាន់តែច្រើនគឺបន្ថយពន្ធកាត់ទុកនិងអាករពិសេស

11


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរបន្តជួយដល់វិស័យអាកាសចរណ៍បន្ថែមទៀត តាមរយៈការអនុគ្រោះផ្សេងៗ រួមមានអនុគ្រោះពន្ធជាដើម ដើម្បីឱ្យក្រុមអាកាសចរណ៍មានលទ្ធភាព ហោះហើរដឹកជញ្ជូនដំណើរមកកាន់កម្ពុជាកាន់តែច្រើន។
ការបញ្ជាក់ពីការគិតគូរដល់វិស័យអាកាសចរណ៍នេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» របស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «កាលពីសប្តាហ៍មុខខ្ញុំទើបជាមួយវិស័យទេសចរណ៍ ហើយអំបាញ់មិញខ្ញុំបានជជែកជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពីវិស័យអាកាសចរណ៍ [ក្រុមហ៊ុនអាកាចរណ៍] របស់យើង យើងត្រូវថែមអ្វីទៀតជួយគាត់ [ក្រុមហ៊ុនអាកាសចរណ៍] ទម្លាក់ពន្ធកាត់ទុក ទម្លាក់អ្វីទៀត ដើម្បីជួយគាត់ក្នុងរយៈពេលមួយ ដើម្បីឱ្យគាត់ហោះបានប្រមូលទេសចរមកកម្ពុជាហើយយើងត្រូវជួយជាប្រចាំ ដើម្បីបម្រូលទិន្នន័យ មានបញ្ហាយើងដោះស្រាយ»។
សូមជម្រាបថា វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យអាកាសចរណ៍រងគ្រោះយ៉ាងខ្លាំង ដោយសារគ្មានការហោះហើរ។ ដើម្បីដោះស្រាយការលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវការអនុគ្រោះផ្សេងៗ រួមទាំងផ្នែកពន្ធផងដែរ។
កាលពីខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះពន្ធកាត់ទុក និងអាករពិសេស ចំពោះក្រុមហ៊ុនអាកាសចរណ៍ រហូតដល់ឆ្នាំ២០២៧។
ក្រសួងសេដ្ឋកិច្ចតាមរយៈលិខិតរបស់ខ្លួនបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រាលបន្ទុក របស់ក្រុមហ៊ុនអាកាសចរណ៍ ចំពោះការជួលយន្តហោះ ពីក្រុមហ៊ុនក្រៅប្រទេស ក៏ដូចជាដើម្បីជួយសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមផ្លូវអាកាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំ អំពីការអនុវត្តពន្ធកាត់ទុក និងអាករពិសេស ដូចខាងក្រោម៖
១៖ បន្ថយអត្រាពន្ធកាត់ទុកពី ១៤ភាគរយ មកត្រឹម១០ភាគរយ ចំពោះការជួលយន្តហោះ ពីក្រៅប្រទេសមកប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។
២៖ បន្ថយអត្រាអាករពិសេសពី១០ភាគរយ មកត្រឹម៥ភាគរយ ចំពោះសេវាដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាស ដោយពុំគិតថា ការដឹកជញ្ជូនអ្នកដំណើរធ្វើឡើង ដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ឬក្រុមហ៊ុនអាកាសចរណ៍បរទេសឡើយ។
៣៖ ការអនុគ្រោះដូចមានចែងក្នុងចំណុចទី១ និងចំណុចទី២ ខាងលើនេះ មានរយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧៕

អត្ថបទដែលជាប់ទាក់ទង