ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖រំជួលចិត្តស្រក់ទឹកភ្នែក ព្រោះតែក្តីនឹករលឹក និងអាណិតស្រលាញ់ ពិសេសការលះបង់ដ៏ធំធេងរបស់កម្លាំងឈរជើងទាំងអស់ ស៊ូស្លាប់ដើម្បីការពារជាតិមាតុភូមិ

19

ឧត្តរមានជ័យ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភាកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ កម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ពិធីសំណេះសំណាលនេះ បានរៀបចំធ្វើឡើងនៅទីបញ្ជាការ វរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើជើងលេខ៤១។
ពិធីនេះមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស, ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងទាំងរំជួលចិត្តស្រក់ទឹកភ្នែក ព្រោះតែក្តីនឹករលឹក និងអាណិតស្រលាញ់ ពិសេសនឹកឃើញដល់ការលះបង់ដ៏ធំធេងរបស់កម្លាំងឈរជើងទាំងអស់ ស៊ូស្លាប់ដើម្បីការពារជាតិមាតុភូមិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា «ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងឈរជើងការពារព្រំដែនទាំង ៤០កងឯកភាព នៅទីបញ្ជាការ វរសេនាតូចលេខ ៤១១ នៃកងពលតូចថ្មើជើងលេខ៤១ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ថ្ងៃទី៥ និង៦ ខែមីនា ឆ្នាំ២០២៥នេះ»។
ក្នុងឱកាសដ៏វិសេសវិសាលនេះ «ខ្ញុំសូមថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់បង-ប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារឯកភាពជាតិ សុខសន្តិភាព ស្ថេរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ» ។
បន្ទាប់ពីសំណេះសំណាលរួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាសរុប ៦៥០លានរៀល ដល់កងកម្លាំងឈរជើងការពារព្រំដែនទាំង ៤០នេះ។
សូមជម្រាបថា ការចុះសំណេះសំណាលជាមួយកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២,២៥០គ្រួសារ នៅខេត្ដឧត្ដរមានជ័យ កាលពីព្រឹកមិញនេះ៕

អត្ថបទដែលជាប់ទាក់ទង