ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតីអំពាវនាវឱ្យយុវជនរួមគ្នាផុសផុល ដើម្បីគាំទ្រស្នាដៃខ្មែរ និងថែវប្បធម៌របស់យើង

18

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់យុវជនទាំងអស់ រួមគ្នាឱ្យបានផុសផុល ដើម្បីគាំទ្រដល់ស្នាដៃ និងវប្បធម៌ខ្មែរ។
សម្ដេចបានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនរួមគ្នាផុសផុល ដើម្បីគាំទ្រស្នាដៃខ្មែរ និងសិល្បៈវប្បធម៌របស់កម្ពុជាយើង និងសូមឱ្យមនសិការស្នេហាជាតិ និងស្នេហាវិស័យសិល្បៈវប្បធម៌ ស្ថិតនៅជានិច្ចកាល និងរីកដុះដាល ក្នុងស្មារតីនិងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់ៗរូប។
សម្តេចថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌ ដែលបានធ្វើការងារជាច្រើនជាពិសេសទម្រង់សិល្បៈដែលមានហានិភ័យខ្ពស់ ដូចជាល្ខោនខោល យីគេជាដើម។ សម្តេចបានបន្តថា នៅឆ្នាំនេះ សម្តេចឃើញមានការបំផុសឡើងវិញនូវការលេង ការសម្តែងមួយចំនួន ទោះបីជាមិនទាន់ផុសផុលខ្លាំង តែជាការល្អជាងមុន។ សម្តេចបានជំរុញឱ្យបន្តធ្វើតទៅទៀត រាប់ទាំងការស្រាវជ្រាវ ការចងក្រង ការផ្សព្វផ្សាយ និងការដាក់ឱ្យអនុវត្តប្រើប្រាស់ផងដែរ។
សម្តេចបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានការយកចិត្តទុកដាក់ខ្ពស់គាំទ្រសិល្បៈខ្មែរ។ សម្តេចបានកត់សម្គាល់ថា ការសម្តែងសិល្បៈខ្មែរ នៅកោះពេជ្រកន្លងទៅ គឺមានអ្នកគាំទ្រច្រើនដោយមានប្រជាពលរដ្ឋស្ម័គ្រចិត្ត ចូលរួមគាំទ្រគួរឱ្យភ្ញាក់ផ្អើល។ 
សម្តេចបានអំពាវនាវឱ្យសិល្បករជំនាន់មុន និងជំនាន់ក្រោយ រួមគ្នាបន្តទៀត ដើម្បីសិល្បៈវប្បធម៌ខ្មែរ សម្តែងនូវល្បែងប្រពៃណីរបស់យើង។
សម្តេចជំរុញឱ្យលេងល្បែងប្រជាប្រិយឱ្យបានច្រើន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ។ សម្តេចបានថ្លែងថា លេងល្បែងទំនើបក៏លេងចុះ ប៉ុន្តែក៏ត្រូវថែរក្សាល្បែងប្រជាប្រិយរបស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង