ប្រធានាធិបតីបារាំងបើកទូលាយលើការពិភាក្សាគ្នា អំពីការពង្រីកប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារសម្ព័ន្ធមិត្តអឺរ៉ុប
ទីក្រុងប៉ារីស៖នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍នេះ លោកប្រធានាធិបតី Emmanuel Macron បានឱ្យដឹងថា បារាំងបើកទូលាយលើការពិភាក្សាគ្នា អំពីការពង្រីកលទ្ធភាពការពារដោយអាវុធនុយក្លេអ៊ែររបស់ខ្លួន ឱ្យដល់ដៃគូអឺរ៉ុប ជាមួយនិងការព្រមានថា អឺរ៉ុបអាចប្រឈមមុខចំពោះការគំរាមកំហែងពីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ ២០២៥។
លោក Macron បាននិយាយថា «អាវុធនុយក្លេអ៊ែររបស់យើង បានជួយការពារយើង។ វាបានផ្តល់ការការពារយ៉ាងពេញលេញ ដល់បារាំង។ ប៉ុន្តែ ឆ្លើយតបនឹងការអំពាវនាវជាប្រវត្តិសាស្ត្រ របស់អនាគតអធិការបតីអាល្លឺម៉ង់ ខ្ញុំសម្រេចចិត្ត បើកការជជែកពិភាក្សាជាយុទ្ធសាស្ត្រ ស្តីពីការការពារសម្ព័ន្ធមិត្តនៅលើទ្វីបអឺរ៉ុប តាមរយៈអាវុធនុយក្លេអ៊ែររបស់យើង»។
គួរបញ្ជាក់ថា បារាំង និងអង់គ្លេស គឺជាមហាអំណាចនុយក្លេអ៊ែរតែពីរគត់របស់អឺរ៉ុប។ លោក Friedrich Merz ដែលនឹងក្លាយជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់ បានចោទសួរថាតើ NATO នឹងនៅតែស្ថិតក្នុងទម្រង់បច្ចុប្បន្នទៀតទេ ហើយបានតស៊ូមតិពិភាក្សាជាមួយបារាំង និងអង់គ្លេស អំពីការពង្រីកលទ្ធភាពការពារដោយអាវុធនុយក្លេអ៊ែររបស់ពួកគេ។ យុទ្ធសាស្ត្រ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ បារាំង រហូត មក ដល់ ពេល នេះ គឺ ផ្អែកលើ ការ ការពារ ផលប្រយោជន៍ សំខាន់ៗ របស់ ប្រទេស ៕