ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់រុស្ស៉ីរិះគន់ប្រធានាធិបតីបារាំងលោក Macron ថាកំពុងព្យាយាមរុញច្រានអឺរ៉ុប ទៅរកមាត់ជ្រោះនៃសង្រ្គាមលោកថ្មី

13

ទីក្រុងមូស្គូ៖ នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា មន្រ្តីនិងសមាជិកសភានៃប្រទេសរុស្ស៉ី បាននាំគ្នារិះគន់ប្រធានាធិបតីបារាំង លោក Emmanuel Macron សម្រាប់ការនិយាយថា រុស្ស៉ីគំរាមកំហែងអឺរ៉ុប ហើយពួកគេបានព្រមានថា ពាក្យសម្តីបែបនេះ អាចនាំឱ្យ លោកខាងលិចឆ្ពោះទៅរក មាត់ជ្រោះនៃសង្រ្គាមលោកថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កការប្រឈមមុខដាក់គ្នាធំបំផុតមិនធ្លាប់មាន រវាងលោកខាងលិចនិងរុស្ស៉ី គិតចាប់តាំងពីវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២មក ហើយទាំងវិមានក្រឹមឡាំងនិងទាំងសេតវិមាន សុទ្ធតែបានព្រមានប្រឆាំង ការបោះជំហានខុស ដែលអាចបង្កឱ្យផ្ទុះជាសង្រ្គាមលោកលើកទី៣។
ប៉ុន្តែភាពរីកចម្រើនរបស់កងទ័ពរុស្ស៉ី លើសមរភូមិនៅអ៊ុយក្រែន កាលពីក្នុងឆ្នាំ២០២៤ បូករួមជាមួយការផ្លាស់ប្តូរមួយទំហឹង នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអ៊ុយក្រែននិងរុស្ស៉ី និងការទាមទារឱ្យមានកិច្ចព្រមព្រៀងសន្តិភាពឆាប់ៗ ក្រោមអាណត្តិប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលនេះ បានបង្កជាវិបត្តិមួយ ក្នុងចំណោមមហាអំណាចនៅអឺរ៉ុប ដែលភ័យព្រួយថា សហរដ្ឋអាមេរិក ហាក់កំពុងបែរខ្នងដាក់អឺរ៉ុប។
ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Macron បាននិយាយថា រុស្ស៉ីគឺជាការគំរាមកំហែងមួយ សម្រាប់បារាំងនិងអឺរ៉ុបទាំងមូល និងថាអ៊ុយក្រែនគឺជា ជម្លោះសកលរួចស្រេចទៅហើយ។ លោក Macron បានបន្តថា រូបលោកនឹងបើកការជជែកដេញដោល ស្តីពីលទ្ធភាពពង្រីកឆត្រនុយក្លេអ៊ែររបស់បារាំង ដើម្បីការពារសម្ព័ន្ធមិត្តនៅអឺរ៉ុប។
Konstantin Kosachev ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៃព្រឹទ្ធសភារុស្ស៉ី បាននិយាយថា លោក Macron យល់ច្រឡំ អំពីប្រតិកម្មរបស់រុស្ស៉ីចំពោះ សកម្មភាពពង្រីកនិងបំពាន របស់បក្សសម្ព័ន្ធយោធាដឹកនាំដោយអាមេរិក មកលើប្រទេសរុស្ស៉ី ដោយ លោកកំពុងតែព្យាយាមបំផុសបំផុលឱ្យពលរដ្ឋបារាំង សម្ព័ន្ធមិត្ត និងពិភពលោកទាំងមូល យល់ខុសទាំងស្រុងអំពី អ្វីដែលកំពុងកើតឡើង ខណៈការសន្និដ្ឋានខុសឆ្គងបែបនេះ អាចនាំទៅរកមាត់ជ្រោះដ៏ជ្រៅ នៃសង្រ្គាមលោកថ្មីមួយ។
លោក Kosachev បានបន្តថា លោក Macron កំពុងតែប្រាសចាកឆ្ងាយចេញពីកេរ្តិ៍តំណែល របស់អតីតប្រធានាធិបតីបារាំង លោក Charles de Gaulle ហើយច្បាស់លាស់ រូបលោកកំពុងព្យាយាមទម្លាក់កំហុស សម្រាប់បញ្ហានានារបស់បារាំងក៏ដូចជា ចក្រភពអង់គ្លេស មកលើរុស្ស៉ីតែមួយគត់។ លោក Sergei Markov ដែលជាអតីតទីប្រឹក្សាវិមានក្រឹមឡាំង ក៏បាននិយាយដែរថា លោក Macron ព្យាយាមបង្កាច់បង្ខូចរុស្ស៉ី ជាមួយពាក្យសម្តីភូតកុហក និងការឃោសនាគាំទ្រសង្រ្គាម។
គួរបញ្ជាក់ថា រុស្ស៉ីនិងសហរដ្ឋអាមេរិក គឺជាមហាអំណាចនុយក្លេអ៊ែរធំដាច់គេរបស់ពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរ ប្រហែល៥០០០គ្រាប់ដូចគ្នា ខណៈចិនមានប្រហែល៥០០គ្រាប់ បារាំងមាន២៩០គ្រាប់ និងអង់គ្លេសមាន២២៥គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង