ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ

36

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហការីជាថ្នាក់ដឹកនាំសហព័ន្ធ ចូលជួបសម្តែងការគួរសម នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដម ខូវ ឆាយ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីដោយសង្ខេប អំពីសកម្មភាព និងវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង, រាជធានី-ខេត្ត ចំនួន២៣ ជាសមាជិក និងមានក្លឹបចំណុះសមាគមចំនួន ១៤៤ ក្លឹប។ គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦នាក់ (កីឡាករ ១១៩១ នាក់ និងកីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់។
លោក ប្រធានសហព័ន្ធ បានបន្ថែមទៀតថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ ២២ កម្មវិធី ក្នុង មួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង និង ភូមិភាគសៀមរាប ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ប្រចាំសប្តាហ៍ផងដែរ។ ក្រៅពីនេះ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានផ្ដោតការយកចិត្តទុកដាក់ លើការផ្សព្វផ្សាយ អំពីកីឡាប្រដាល់គុនខ្មែរនៅបរទេស ក៏ដូចជាបានចូលរួមចំណែកដល់ការងារសង្គម តួយ៉ាង ការបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាដើម។
នាឱកាសនោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេចបវរធិបតី បញ្ជាក់ដែរថា បច្ចុប្បន្ននេះកីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។
នាឱកាសនេះដែរ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះ ឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែទូលំទូលាយ និងយ៉ាងផុសផុល ព្រមទាំងបានលើកទឹកចិត្តឱ្យសហព័ន្ធបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី ឱ្យកាន់ល្អប្រសើរថែមទៀត ជាពិសេស ក្នុងការរៀបចំព្រឹត្រិការណ៍សំខាន់ៗប្រចាំឆ្នាំ។ 
សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យសហព័ន្ធ បន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង