ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីជាមានការកាត់ភ្ជាប់បំពង់នាំទឹកចាស់មកថ្មីក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ពលរដ្ឋនៅរាជធានីភ្នំពេញឡើយ

44

ភ្នំពេញ៖ឯកឧត្ដម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគូសបញ្ជាក់ថា បើទោះបីជាមានការកាត់ភ្ជាប់បំពង់នាំទឹកចាស់ មកថ្មីក៏ដោយ ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញឡើយ ជាពិសេសនៅសង្កាត់និរោធ ហើយរដ្ឋាករទឹកនឹងពន្លឿនការងារឱ្យរួសរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលចុះពិនិត្យការងារតភ្ជាប់បំពង់មេនាំទឹក នៅលើជាតិលេខ១ ឯកឧត្ដមឡុង ណារ៉ូ បានឱ្យដឹងថា កន្លងមករោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ទទួលបានទឹកឆៅពីស្ថានីយបូមទឹក ក្តីតាកុយ ប៉ុន្តែដោយសារការរីកចម្រើន និងការររៀបចំហេដ្ឋារចនាសម្ព័ន្ធនៅកោះនរា បានធ្វើ ឱ្យប៉ះពាល់ដល់ស្ថានីយបូមទឹកចាស់នេះ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បានសិក្សាសាងសង់ស្ថានីយ៍បូមទឹកឆៅថ្មី គឺស្ថានីយ៍បូមទឹកកោះនរា សម្រាប់ធ្វើការបូមទឹកឆៅសម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតនិរោដជំហានទី១ និងជំហានទី២ ក្នុងការប្រព្រឹត្តិកម្មទឹកស្អាត ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ។ ហើយស្ថានីយ៍បូមទឹកឆៅថ្មីនេះ ក៏នឹងផ្គត់ផ្គង់ដល់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ នាពលខាងមុខផងដែរ។
ឯកឧត្ដមបានឱ្យដឹងដែរថា បច្ចុប្បន្ននេះ ស្ថានីយបូមទឹកកោះនរានេះ បានបញ្ចប់ការសាងសង់រួចរាល់ហើយ ដែលមានសមត្ថភាពផលិតទឹក ៤សែនម៉ែត្រគូបក្នុងមួយថ្ងៃ និង បានដាក់បំពង់ ចេញពីកោះនរានេះ សំដៅមកភ្ជាប់បំពង់ដែលមានស្រាប់នៅលើផ្លូវជាតិលេខ១ ដែលមានមុខកាត់១៦០០មីលីម៉ែត្រ។
ឯកឧត្ដមបានបញ្ជាក់ថា ផ្អែកតាមគម្រោង នៅពេលដែលមានការកាត់ភ្ជាប់បំពង់មេនាំទឹក នឹងត្រូវបិទរោងចក្រផលិតទឹកមួយសប្តាហ៍ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណ៣០% នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែតាមរយៈបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ការកាត់ភ្ជាប់បំពង់មេនេះ នឹងមិនតម្រូវឱ្យមានការបិទរោងចក្រ ឬផ្តាច់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នោះទេ។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា រដ្ឋាករទឹកនឹងពន្លឿនការកាត់ភ្ជាប់បំពង់មេនាំទឹកនេះ ឱ្យរួចរាល់នៅមុនពេលចូលឆ្នាំខាងមុខនេះផងដែរ។ ជាមួយគ្នានេះ លោកក៏សុំការអព្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការកក់ស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ជាពិសេសនៅមុខផ្លូវចូលទៅកោះនរា។
ឯកឧត្ដមបានពន្យល់បន្ថែមយ៉ាងដូច្នេះថា «ផ្អែកតាមសិក្សាកន្លងមក នៅពេលដែលមានការកាត់ភ្ជាប់ ត្រូវបិទរោងចក្រប្រមាណជាងមួយអាទិត្យ ដើម្បីធ្វើការកាត់ភ្ជាប់ ប៉ុន្តែក្រោមការពិភាក្សាជាមួយភាក្សាជប៉ុន តាមរយៈស្ថានទូតជប៉ុន គឺនៅប្រទេសជប៉ុនគេមានជំនាញក្នុងការកាត់បំពង់ភ្ជាប់បំពង់ ដោយមិនត្រូវកាត់ផ្តាច់ឬក៏បញ្ឈប់រោងចក្រផលិតទឹកទេ គឺនៅតែដំណើរការធម្មតា ហេតុដូច្នហើយរដ្ឋាករបានធ្វើការជាមួយអ្នកបច្ចេកជប៉ុន ក៏ដូចជាស្ថានទូតជប៉ុនស្នើសុំជំនួយឥតសំណងដើម្បីធ្វើការងារនេះ»។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន៧ទីតាំង និងមានសមត្ថភាពផលិតទឹកស្អាតប្រមាណជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅឆ្នាំ២០២៧ ខាងមុខនេះ រដ្ឋាករទឹក គ្រោងសាងសង់ចក្រផលិតទឹកស្អាតនិរោធជំហានទី៣បន្ថែមផងដែរ គឺដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ប៉ែកខាងត្បូង និងប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសតំបន់កួរស្រូវ ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី, ស្រុកកណ្តាលស្ទឹង និងតំបន់កៀនស្វាយ ក្នុងខេត្តកណ្តាលជាដើម ៕

អត្ថបទដែលជាប់ទាក់ទង