ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖បញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ ,បង្ហាញក្តីសង្ឃឹមថា ពិធីបុណ្យភ្នំ នឹងអាចក្លាយជាបុណ្យជាតិប្រចាំឆ្នាំនៅកម្ពុជា
កំពង់ស្ពឺ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហាញក្តីសង្ឃឹមថា ពិធីបុណ្យភ្នំ នៅ ពេលណាមួយនឹងអាចក្លាយទៅជាពិធីបុណ្យជាតិ ប្រចាំកម្ពុជាដោយមានការអញ្ជើញជាអធិបតីដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដូចទៅនឹងបុណ្យសមុទ្រ និងបុណ្យទន្លេដែរ។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋម សិលាកសាងមហាប្រាសាទព្រះធម្មចេតិយទី២ និងខ្លោងទ្វា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (គីរីរម្យ) ដែលស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងថា «យើងបានផ្តួចផ្តើមគំនិតមួយពីអ្នកខេត្តកំពង់ស្ពឺយើង គឺកម្មវិធី បុណ្យភ្នំ ដែលមានសារៈសំខាន់ខ្លាំងណាស់ ។ខេត្តខ្លះមានទន្លេ ខេត្តខ្លះមានសមុទ្រ គឺអាចធ្វើបុណ្យទន្លេ បុណ្យសមុទ្រ តែខេត្តខ្លះមានតែភ្នំ ចឹងយើងចង់ឱ្យមានការជំរុញទៅជាបុណ្យជាតិមួយដែរ ជាពិសេស «បុណ្យភ្នំគីរីរម្យ» ហើយសង្ឃឹមថ្ងៃណាមួយក៏ជាបុណ្យជាតិប្រចាំឆ្នាំផងដែរ ធ្វើឡើងក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី»។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងបន្ដថា បុណ្យភ្នំគឺមានលក្ខណៈខុសពីបុណ្យទន្លេ និងបុណ្យសមុទ្រ ព្រោះនៅលើភ្នំ ពិសេសភ្នំគិរីរម្យ ព្រោះថាព្រៃភ្នំនៅកម្ពុជាយើង គឺមានអ្នកថែរក្សា ហើយមានបារមី ចឹងការរៀបចំកម្មវិធី គឺត្រូវតែមានការគិតគូរ និងរៀបចំឱ្យបានល្អ។
សូមជម្រាបថា កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក៏មានការរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ នៅឧទ្យានជាតិសុរាម្រិត-កុសម: «គិរីរម្យ» ដែលមានរយៈពេល២ថ្ងៃ ដោយមានអ្នកភ្ញៀវជាតិ និងអន្ដរជាតិ ជិតម៉ឺននាក់ មកលេងកម្សាន្ដផងដែរ៕