ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖មិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនឆ្លងកាត់ឡើយ

21


ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានដាក់ចេញបញ្ជាដល់កម្លាំងសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ឲ្យពិនិត្យឡើងវិញ និងមិនត្រូវបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ ដែលកំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ នៅពេលមានក្បូនឆ្លងកាត់នោះឡើយ ពោលត្រូវរៀបចំធ្វើយ៉ាងណាឲ្យរថយន្ដសង្គ្រោះអាចបន្ដធ្វើដំណើរដោយធម្មតា។
នេះជាសារសំឡេងដាក់បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសម្ដេចឃើញវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម ដែលសមត្ថកិច្ចបិទចរាចរណ៍រថយន្ដសង្គ្រោះបន្ទាន់ នៅពេលមានក្បួនថ្នាក់ដឹកនាំឆ្លងកាត់។ តែសម្ដេចបានណែនាំថា សមត្ថកិច្ចដែលកំពុងអនុវត្តតួនាទីភារកិច្ច ត្រូវតែបត់បែនទៅតាមករណីចាំបាច់នីមួយៗ ពិសេសពាក់ព័ន្ធការសង្គ្រោះអាយុជីវិតមនុស្ស។
តាមរយៈសារសំឡេងដដែលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទន្ទឹងនឹងការអនុញ្ញាតឲ្យរថយន្ដសង្គ្រោះបន្ទាន់ឆ្លងកាត់នៅពេលមានក្បួនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិនោះ សមត្ថកិច្ចនៅគោលដៅនោះ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ថា នៅក្នុងរថយន្ដសង្គ្រោះបន្ទាន់នោះមានអ្នកដែលត្រូវសង្គ្រោះមែនឬយ៉ាងណា? ព្រោះខ្លាចមានការលួចបន្លំប្រើប្រាស់រថយន្ដសង្គ្រោះ ដើម្បីធ្វើសកម្មភាពផ្សេងៗប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក៏បានណែនាំទៀតថា នៅពេលបិទចរាចរណ៍ថ្នាក់ដឹកនាំឆ្លងកាត់រួចរាល់ហើយនោះ សមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ត្រូវសម្រួលដល់ប្រជាពលរដ្ឋទូទៅកុំឲ្យនៅកកស្ទះយូរពេក ព្រោះទាំងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំសុទ្ធតែមានធុរៈរៀងៗខ្លួន។ លើសពីនេះ នៅពេលបិទក្បូនថ្នាក់ដឹកនាំ មិនគួរគម្បីបិទយូរពេកនោះទេ ពោលមុនក្បួនបន្ដិច ហើយក្បួនឆ្លងកាត់រួច ត្រូវបើកដំណើរការឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង