ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីនៅយប់ថ្ងៃទី៩មិនានេះមានភ្លៀង ខ្យល់យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែល

21


ភ្នំពេញ៖សំរាប់សប្តាហ៍ទី១នៃខែមិនាឆ្នាំ២០២៥នារាត្រីថ្ងៃទី៩មិនានេះនៅផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំបន្ថែមថ្មីឱ្យមានរបាំភួងនារី ( របាំបុរាណ) និង កំប្លែង (នាយក្រឹម)ហើយក្រៅពីហ្នឹងនៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល ។ដើម្បីបម្រើឱ្យការកំសាន្តសប្បាយរបស់ភ្ញៀវទេសចរជាតិនិងអន្តជាតិ។បើទោះបីនៅយប់ថ្ងៃទី៩មិនានេះមានភ្លៀង ខ្យល់យ៉ាងណាក្ដីក៏គេឃើញបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសនៅតែទៅដើរកំសាន្តនៅលើផ្លូវថ្មើរជើងច្រើនដដែលមិនបានរំខានដំណើររបស់អ្នកដើរទេ។
នេះបើយោងតាមការឱ្យដឹងពីលោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនារសៀលថ្ងៃទី៩មិនានេះ។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដោយអនុវត្តទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅផ្លូវថ្មើជើង Walk Street មាត់ទន្លេត្រូវបានរៀបចំបន្ថែមជាបន្តបន្ទាប់ទាំងការតាំងលក់ វត្ថុអនុស្សាវរីយ៍ ការសម្តែងតន្ត្រីបុរាណ, របាំប្រពៃណី,រៀបចំជាបណ្ណាល័យចល័ត,សៀករហ័សកម្មជាដើម ដើម្បីបង្កើននូវភាពសប្បាយរីករាយឱ្យប្រជាពលរដ្ឋនាចុងសប្តាហ៍។ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកដើរលេងកំសាន្តសប្បាយទាំងអស់គ្នា ក្រោមម្លប់នៃសន្តិភាព។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ដែរថា៖ផ្លូវថ្មើរជើង (Walk Street) ជាកន្លែងដែលភ្ញៀវជាតិ អន្តរជាតិ កំពុងពេញនិយម ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កំណើនភ្ញៀវចេះតែកើនឡើងជាលំដាប់។ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំពេញនូវសំណូមពររបស់ប្រជាពលរដ្ឋក៏បានកែសម្រួលតម្រាយខ្សែរត់ខ្សែទី១Cនិងបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយអនុវត្តនៅរៀងរាល់ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៃសប្តាហ៍ រហូតដល់ម៉ោង ១១:០០នាទីយប់ថែមទៀត។
គិតត្រឹមថ្ងៃទី៩មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិង១សប្ដាហ៌ហើយតែចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

អត្ថបទដែលជាប់ទាក់ទង