ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតីថ្លែងអំណរគុណចំពោះសមត្ថកិច្ច ដែលអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក ពាក់ព័ន្ធការបិទចរាចរណ៍ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ

17


ភ្នំពេញ៖សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានចេញជាសារសំឡេងតាមវិដេអូផ្លូវការរបស់សម្ដេចនាថ្ងៃទី៩មិនា២០២៥នេះថា៖ខ្ញុំសូមអរគុណ និងកោតសរសើរដល់បងប្អូនសមត្ថកិច្ចទាំងអស់ ជាពិសេសនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីធានានូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍តាមបណ្តោយដងផ្លូវសាធារណៈនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានប្រជាជនច្រើនហើយសកម្មភាពសេដ្ឋកិច្ចក៏រស់រវើកខ្លាំង។
សម្ដេចមហាបវរធិបតីបានបញ្ជាក់ថាខ្ញុំក៏សូមកោតសរសើរចំពោះឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងណែនាំលើកិច្ចការងារដ៏សំខាន់នេះជាប់ជាប្រចាំ។
សម្ដេចធិបតីរំលឹកថា៖ខ្លួនខ្ញុំក៏ធ្លាប់ដឹកនាំផ្ទាល់នូវការងារសន្តិសុខសម្រាប់ការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ខ្ញុំយល់ច្បាស់អំពីការលំបាកពេលខ្លះ ក្នុងការបំពេញភារកិច្ចតាមតួនាទី ក្នុងការធានាតុល្យភាព នៃការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាមួយនឹងការសម្រួលសកម្មភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារសុវត្ថិភាពមួយចំនួន។
ទោះជាយ៉ាងនេះក្តី ការអនុវត្តភារកិច្ចដោយម៉ឺងម៉ាត់និងម៉ត់ចត់ ប្រកបដោយភាពបត់បែនទៅតាមករណីចាំបាច់នីមួយៗ ជាពិសេសករណីពាក់ព័ន្ធជាមួយការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកិច្ចការដែលយើងត្រូវខិតខំបន្តរួមគ្នាធ្វើដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតបានបន្តទៀតថា៖ខ្ញុំក៏សូមការយោគយល់អំពីប្រជាពលរដ្ឋរបស់យើង ដែលទោះបីជាបងប្អូនសមត្ថកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាយ៉ាងណាក៏ដោយ ក៏ពេលខ្លះមិនអាចជៀសផុតពីការរំខាន ដល់លំហូរចរាចរណ៍រយៈពេលខ្លីនៅតាមផ្លូវសាធារណៈមួយចំនួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង