ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ប្រកាសថាអង្គរសង្ក្រាន្ដឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដើម្បីបំពេញបំណងពលរដ្ឋ

14


សៀមរាប៖នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។
ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការ នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។
ជាមួយគ្នានេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានជម្រាបជូនពីគោលបំណង កម្មវិធី និងទិដ្ឋភាពនៃការគិតគូរពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ដែលមានលក្ខណៈពិសេស និងអស្ចារ្យ ធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ ក្នុងឱកាសនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង