ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក បញ្ជា ឲ្យ បុគ្គលិក មិន ចាំបាច់ ចាក ចេញ ពី ស៊ូដង់ ខាងត្បូង បន្ទាន់ ដោយសារ កង្វល់បញ្ហា សន្តិសុខ

19

ក្រុងវ៉ាស៊ីនតោន៖សហរដ្ឋអាមេរិក បាន បញ្ជា ឲ្យ បុគ្គលិក រដ្ឋាភិបាល ដែល មិន បំពេញ ការងារ ចាំបាច់ បន្ទាន់ ទាំង អស់ ចាក ចេញ ពី ប្រទេស ស៊ូដង់ ខាងត្បូង ដោយលើកឡើងពី ការ ព្រួយបារម្ភ អំពី សុវត្ថិភាព និង សន្តិសុខ។ នេះ បើ តាម សេចក្តី ប្រកាស របស់ ក្រសួង ការ បរទេស អាមេរិក កាលពី ថ្ងៃអាទិត្យ ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួង ការ បរទេស បាន ឲ្យ ដឹង ថា ជម្លោះ ប្រដាប់ អាវុធ នៅ តែ បន្ត កើត មាន នៅ ក្នុង ប្រទេស ស៊ូដង់ ខាងត្បូង រួម មាន ការ ប្រយុទ្ធ គ្នា រវាង ក្រុម នយោបាយ និង ក្រុម ជនជាតិ ផ្សេងៗ។ អាវុធ មាន យ៉ាង ទូលំទូលាយ ក្នុង ចំណោម ប្រជាជន។
សេចក្តី សម្រេច នេះ ធ្វើ ឡើង បន្ទាប់ ពី ទីភ្នាក់ងារ សិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ បាន ព្រមាន កាលពី ថ្ងៃ សៅរ៍ ថា ការ កើនឡើង នៃ អំពើ ហិង្សា និង ភាព ជាប់គាំង ផ្នែក នយោបាយ នៅ ស៊ូដង់ ខាងត្បូង កំពុង គំរាមកំហែង ដល់ ដំណើរការ សន្តិភាព ដែល មាន ស្រាប់។
កាលពី ដើម ខែ នេះ កងកម្លាំង សន្តិសុខ ដែល ស្មោះត្រង់ នឹង ប្រធានាធិបតី Salva Kiir បាន ចាប់ ខ្លួន រដ្ឋមន្ត្រី ពីរ រូប និង មន្ត្រី យោធា ជាន់ខ្ពស់ ជាច្រើន នាក់ ដែល មាន ទំនាក់ ទំនង ជាមួយ លោក Riek Machar។ ការ ចាប់ ខ្លួន នេះ បាន បង្កើន ក្តី បារម្ភ អំពី អនាគត នៃ កិច្ចព្រមព្រៀង សន្តិភាព ឆ្នាំ ២០១៨ ដែល បាន បញ្ចប់ សង្គ្រាម ស៊ីវិល រយៈពេល ៥ ឆ្នាំ រវាង កងកម្លាំង របស់ លោក Kiir និង លោក Machar ដែល បាន សម្លាប់ មនុស្ស ជិត ៤០០,០០០ នាក់។
ក្រសួង ការ បរទេស បាន បន្ថែម ថា ឧក្រិដ្ឋកម្ម ហិង្សា ដូចជា ការ លួច រថយន្ត ការ បាញ់ ប្រហារ ការ វាយ ឆ្មក់ ការ វាយ ដំ ការ ប្លន់ និង ការ ចាប់ ជំរិត គឺ ជា រឿង ធម្មតា នៅ ទូទាំង ប្រទេស ស៊ូដង់ ខាងត្បូង រួម ទាំង រដ្ឋធានី ជូបា ផង ដែរ។ តំបន់ នេះ មាន គ្រោះថ្នាក់ ខ្លាំង ណាស់ សម្រាប់ អ្នក សារព័ត៌មាន ក៏ ដូច ជា បុគ្គលិក រដ្ឋាភិបាល សហរដ្ឋអាមេរិក ដែល ស្ថិត ក្រោម បម្រាម គោចរ យ៉ាង តឹងរ៉ឹង និង ត្រូវ ប្រើប្រាស់ រថពាសដែក ស្ទើរតែ គ្រប់ ពេល ធ្វើ ដំណើរ៕

អត្ថបទដែលជាប់ទាក់ទង