ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤ឆ្នាំកន្លងមក អឺរ៉ុបនាំចូលអាវុធច្រើនជាងមុន ហើយអាមេរិកនៅតែជាអ្នកផ្គត់ផ្គង់នាំមុខគេ

13


អឺរ៉ុប៖វិទ្យាស្ថានស្រាវជ្រាវមួយមានមូលដ្ឋាន នៅក្នុងទីក្រុងស្តុកខុល បានឱ្យដឹងថា ការនាំចូលអាវុធរបស់អឺរ៉ុបបានកើនឡើង ១៥៥ភាគរយ ក្នុងឆ្នាំ ២០២០ដល់ឆ្នាំ ២០២៤ ហើយអ៊ុយក្រែន បានក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក ក្រោយផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។
ទិន្នន័យពី Stockholm International Peace Research Institute (SIPRI) បង្ហាញថា សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេ ដោយក្រុមហ៊ុនអាមេរិកបានរួមចំណែក ៤៣ភាគរយនៃការនាំចេញរបស់ពិភពលោក ក្នុងឆ្នាំ ២០២០ ដល់២០២៤។ ការ នាំ ចេញរបស់ អាមេរិក មាន ចំនួន ប្រហែល នឹង ប្រទេស ៨រួម បញ្ចូល គ្នា ក្នុងចំណែក ទីផ្សារ ពិភពលោក ។
SIPRI បានឱ្យដឹងថា អឺរ៉ុបទាំងមូលមាន ២៨ភារយនៃការនាំចូលអាវុធរបស់ពិភពលោក ពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២៤ ដោយកើនឡើងពីតួលេខ ១១ភាគរយចន្លោះឆ្នាំ ២០១៥ និង ២០១៩។ គ្រាន់តែអ៊ុយក្រែនមួយមានចំណែកនាំចូល ៨.៨ភាគរយ ក្នុងឆ្នាំ ២០២០ ដល់ឆ្នាំ២០២៤ ហើយពាក់កណ្តាលនៃការនាំចូលនោះ គឺមានប្រភពមកពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានសបញ្ជាក់ឱ្យឃើញពីការពឹងផ្អែករបស់អឺរ៉ុប ទៅលើអាវុធរបស់សហរដ្ឋអាមេរិក ទោះបីជាមានជាបក្សសម្ព័ន្ធយោធាណាតូ ជាគ្រឹះនៃយុទ្ធសាស្ត្រសន្តិសុខរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ក៏ដោយ។ សហរដ្ឋអាមេរិក បានផ្គត់ផ្គង់ច្រើនជាង ៥០ភាគរយនៃការនាំចូលអាវុធរបស់អឺរ៉ុប ពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២៤ ដោយចក្រភពអង់គ្លេស ហូឡង់ និងន័រវេស ស្ថិតក្នុងចំណោមអ្នកទិញកំពូល។
ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន បណ្តាមេដឹកនាំអឺរ៉ុប បានប្តេជ្ញាបង្កើនចំណាយថែមទៀតលើវិស័យការពារជាតិ ប៉ុន្តែបើតាមលោក Pieter Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប នៃកម្មវិធីផ្ទេរអាវុធរបស់ SIPRI ទំនាក់ទំនងលើការផ្គត់ផ្គង់អាវុធក្នុងនាមបក្សសម្ព័ន្ធយោធាណាតូ បានចាក់ឬសយ៉ាងជ្រៅទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង